ព័ត៌មានជាតិ

ជួញម៉ាទឹកកកនៅលើទូកដរ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដកហូតបាន២៧កញ្ចប់!

កណ្តាល: នគរបាលស្រុកស្អាង បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ រួមជាមួយវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន២៧កញ្ចប់ ខណៈដែលជនសង្សយ័កំពុងលក់គ្រឿងញៀននៅលើទូកដរ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៦និង៥០នាទី ល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចនៅលើទូកដរ ចុងកោះអន្លង់ចិន ស្ថិតក្នុងភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។

លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ អុី វិចិត្ត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បើកបរឡាន ទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងជនសង្ស័យទី២ឈ្មោះ អយ សុខគឿន ហៅអូន ទូច ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងផ្សារដែក មានទីលំនៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមពណ៌ស សង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ២៧កញ្ចប់តូច , ទូរសព្ទចំនួន២គ្រឿង ម៉ាក ណូគា (អុិនចុចពិល)​​ និងម៉ូតូម៉ាក ហុងដា​សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ មួយគ្រឿង​ ពាក់ស្លាកលេខ ​កណ្តាល​ 1T-5575។

លោកអធិការបានបញ្ជាក់ថា ក្រោយពេលទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចនៅលើទូកដរ ចុងកោះអន្លង់ចិន ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ បានទៅដល់ចំណុចកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល បានធ្វើការត្រួតពិនិត្យជនសង្ស័យឈ្មោះ អុី វិចិត្ត និង ឈ្មោះ អយ សុខគឿន បានរកឃើញគ្រឿងញៀន ចំនួន ២៧កញ្ចប់តូចនៅនឹងខ្លួនជនសង្ស័យឈ្មោះ អុី ​​វិចិត្ត រួចបញ្ជូនអ្នកទាំង២រួម និងវត្ថុតាងមកប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ អុី វីចិត្ត បានសារភាពថា ខ្លួនបានទំនាក់ទំនងទូរសព្ទមកឈ្មោះ អយ​ សុខគឿន​ ដេីម្បីយកម៉ូតូជិះទៅទិញគ្រឿងញៀនពីឈ្មោះ សេង ភេទ ប្រុស អាយុ ៣០ឆ្នាំ នៅចំណុចភូមិ ព្រែកដូង២ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំនួន២៧កញ្ចប់តូចក្នុងតម្លៃ១៣០,០០០រៀល (ដប់បីមុឺនរៀល) ដើម្បីយកទៅចែកចាយនៅឃុំសិត្បូ ស្រុកស្អាង ។

ចំណែកឈ្មោះ អយ​សុខគឿនបានសារភាពថា​​ ខ្លួនពិតជាបានយកម៉ូតូទៅដឹកឈ្មោះ អុី វិចិត្តពីឃុំកំពង់ស្វាយ​មកឃុំសិត្បូពិតប្រាកដ។ បន្ទាប់មកសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តអនុវត្តន៏តាមនីតិវិធី៕

មតិយោបល់