សិង្ហបុរីៈ សាកសពនាវិកម្នាក់ ដែលបានបាត់ខ្លួននៅលើនាវា USS John S McCain ត្រូវបានគេរកឃើញ និងកំណត់អត្តសញ្ញាណហើយ បន្ទាប់ពីហេតុការណ៍នាវាពិឃាតអាមេរិក បុកគ្នាជាមួយនាវាដឹកប្រេងអស់រយៈពេល ៤ ថ្ងៃ នៅដែនទឹកសិង្ហបុរី។ នេះបើយោងតាមសារព័ត៌មាន Channel News Asial ចេញផ្សាយនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៧។
កងទ័ពជើងទឹកអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មកទល់ពេលនេះ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះត្រូវបានផ្អាក បន្ទាប់ពីរកឃើញសាកសពនាវិកម្នាក់ ឈ្មោះ Kenneth Aaron Smith ជាអ្នកជំនាញផ្នែកអេឡិចត្រូនិក មានអាយុ ២២ ឆ្នាំ មកពីរដ្ឋញូវជើស៊ី។
ដោយទ្បែកក្រុមអ្នកមុជទឹកកងទ័ពជើងទឹកអាមេរិក បានអះអាងថា នឹងនៅតែបន្តធ្វើការកិច្ចខិតខំប្រឹងប្រែង របស់ពួកគេបន្ថែមទៀត ដើម្បីស្វែងរកអ្នកនៅសេសសល់ ០៩ នាក់ទៀត ដែលបានបាត់ខ្លួននៅក្នុងហេតុការណ៍នេះ។
គួរបញ្ជាក់ដែរថា ករណីនាវាពិឃាតអាមេរិក បុកគ្នាជាមួយនាវាដឹកដឹកប្រេងនៅក្នុងដែនទឹកសិង្ហបុរី បានបណ្ដាលឲ្យនាវិកអាមេរិកចំនួន ១០ នាក់បាត់ខ្លួន ខណ:ដែល ០៥ នាក់ទៀតបានរងរបួស៕
មតិយោបល់