ព័ត៌មានជាតិ

ជិះម៉ូតូមិនប្រកាន់ស្តាំ ត្រូវរថយន្តបុកពេញទំហឹង បណ្តាលស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ត្បូងឃ្មុំៈ លោកអធិការស្រុកត្បូងឃ្មុំ បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ១២២-១២៣ ស្ថិតត្រង់ចំណុចមុខដីភូមិឈ្មោះ ស្រេង ចេក ភេទប្រុស ស្ថិតនៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជនរងគ្រោះអ្នកជិះម៉ូតូមានឈ្មោះ ភិន សារ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម(ស្លាប់នៅកន្លែងកើតហេតុ) និងឌុបឈ្មោះ ឡាយ លីហ័រ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម( របួសធ្ងន់)។

មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1D-6467 ជិះពីកើតទៅលិច មិនប្រកាន់ស្តាំ លុះមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-7288 មិនស្គាល់ឈ្មោះ រត់គេចខ្លួនបាត់ បុកពេញទំហឹង ទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យជនរងគ្រោះជិះម៉ូតូស្លាប់ម្នាក់និងរបួសធ្ងន់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំរថយន្តនិងម៉ូតូ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ។ ចំណែកសាកសព សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់