ព័ត៌មានជាតិ

ឈ្លោះគ្នាជាមួយប្រពន្ធ ខឹងទារម្តាយសុំលែងមិនបាន ក៏ចងសម្លាប់ខ្លួន

កណ្តាលៈ បុរសចិត្តខ្លាំងម្នាក់ ផឹកស្រាស្រវឹង សុំប្រពន្ធលែងលះ លុះម្តាយបង្កើតស្តីបន្ទោស ក៏ដាច់ចិត្តធ្វើអត្តឃាត្ត ចងកសម្លាប់ខ្លួន ស្លាប់ចោលប្រពន្ធ និងកូន។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៧ និង៤៥នាទីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ សម្បត្តិ រាវី ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករលីសែង មានប្រពន្ធឈ្មោះហេង សុខា អាយុ៣៦ ឆ្នាំ និងមានកូនប្រុស១នាក់ មានទីលំនៅភូមិទួលសាលា ឃុំស្អាងភ្នំស្រុកស្អាង ខេត្តកណ្តាល ។

តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង និងថ្ងៃខែឆ្នាំកើតហេតុខាងលើ ឈ្មោះសម្បត្តិ រ៉ាវី បានផឹកស្រាស្រវឹង រួចរករឿងប្រពន្ធ ឈ្មោះហេង សុខា ដោយសុំលែងលះគ្នា ហើយបានតេទូរសព្ទ័ហៅម្តាយបង្កើតរបស់ខ្លួន ឈ្មោះវន ណាន អាយុ៥២ឆ្នាំ នៅភូមិព្រែកខ្មែរ អោយមកជួយធ្វើសាក្សី ពេលនោះម្តាយស្តីបន្ទោសឲ្យថា អ្ហែងលែងគ្នាធ្វើអី ឲ្យតែស្រវឹង រករឿងតែប្រពន្ធសុំលែងគ្នា ពេលនោះឈ្មោះសម្បត្តិ រ៉ាវី ក៏បោះទូរសព្ឌ័ចោលកន្លែងប្រពន្ធលក់ដូរ រួចដើរមកផ្ទះខាងក្រោយ ហើយបានយកក្រម៉ាចងក សម្លាប់ខ្លួនក្នុងបន្ទប់ក្រោមផ្ទះតែម្តង ។

ចំណែកឯប្រពន្ធវិញ ដោយបាត់ប្តីមិនឃើញឡូឡាស្ងាត់មាត់ ក៏ដើររកមើលក្នុងបន្ទប់ក្រោមផ្ទះ ស្រាប់តែឃើញប្តីចងកនឹងក្រម៉ាជាប់ទៅរនងផ្ទះ កំពុងប្រកាច់ ភ្លាមៗនោះប្រពន្ធ ក៏បានស្រែកឆោឡោ ហៅបងប្អូនអ្នកជិតខាងឲ្យមកជួយកាត់ក្រម៉ា ដើម្បីជួយសង្គ្រោះ ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុកម្លាំជំនាញ រួមជាមួយលោកមេភូមិ ក្រុមប្រឹក្សាឃុំ បានចុះពិនិត្យសពជនរងគ្រោះ ឃើញថាមានស្នាមនៅក (ស្នាមចងក) ផ្នែកខាងមុខ ក្រៅពីនេះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ ទើបប្រគល់សពទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់