ព័ត៌មានជាតិ

Update៖ ផ្ទះចំនួន២ខ្នងស្មើ២៤បន្ទប់ ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុងដោយសារតែឆ្លងចរន្តអគ្គិសនី

ភ្នំពេញៈ ផ្ទះចំនួន ២ខ្នងស្មើ ២៤បន្ទប់ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងនៅខាងក្រោយរោងចក្រអគ្គិសនី កាលពីនៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចក្រុម១០ ផ្លូវលំ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះខាងលើមានឈ្មោះ ហែម សុភូ ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរ មន្ត្រីយោធា ស្នាក់នៅទីតាំងផ្ទះកើតហេតុខងលើ។

បើតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមានផ្សែងហ៊ុយៗចេញពីផ្ទះជួលខាងលើ ស្រាប់តែមានជាអណ្តាតភ្លើងចេញមក ភ្លាមៗនោះ បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរទីតាំងនោះ បានទាក់ទងទៅអាជ្ញាធរ និងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍នៅទីតាំងខាងលើនេះ។ ក្រោយពីបានទទួលដំណឹងនេះរួចមក អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅសមត្ថកិច្ចជំនាញខាងពន្លត់អគ្គិភ័យ ដើម្បីឲ្យចុះមកអន្តរាគមន៍បាញ់ពន្លត់។

សមត្ថកិច្ចបានបន្តទៀតថា មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះកើតឡើង គឺដោយសារតែការឆ្លងចរន្តអគ្គិសនី ទើបបណ្តាលឲ្យឆេះរាលទៅបំផ្លាញផ្ទះ មួយខ្នង ដែលធ្វើពីឈើលើថ្មក្រោម មានទំហំ ៦ម គុណ ១២ម បានរងការខូចខាតទាំងស្រុង និងម៉ូតូ មួយគ្រឿង ម៉ាក ហុងដាឌ្រីសង់ សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BE-2853 ហើយក៏បានឆេះរាលដាលផ្ទះ មួយខ្នងផ្សេងទៀត ដែលមានទំហំ ៣,៥ម គុណ ៨,៥ម បណ្តាលឲ្យរងការខូតខាតបន្តិបន្តួចផងដែរ។

សូមបញ្ជាក់ផងដែរថា ករណីគ្រោះអគ្គិភ័យនេះ បានរលត់ទៅវិញ នៅវេលាម៉ោង ១០ ព្រឹកថ្ងៃដដែល ដោយបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់ចំនួន ១០គ្រឿង ដោយក្នុងនោះ ៧គ្រឿងមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង ៣គ្រឿងមកពីទីក្រុងខណ្ឌជ្រោយចង្វារ ប៉ុន្ដែនៅក្នុងករណីគ្រោះអគ្គិភ័យដ៏កំណាចមួយនេះ មិនមានបងប្អូនប្រពលរដ្ឋណាម្នាក់រងនោះគ្រោះថ្នាក់នោះទេ៕

មតិយោបល់