ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា លោកឯកអគ្គរដ្ឋទូតអាមេរិក William A. Heidt និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី បណ្ឌិត យឹម ឆៃលី នឹងអញ្ជើញជាអធិបតីយក្នុងពិធីកត់សំគាល់រយៈពេល៥ ឆ្នាំនៃកម្មវិធីសន្តិសុខស្បៀងសំរាប់អនាគត (Feed the Future) នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២ មិថុនា វេលាម៉ោង ៨:៣០ នាទី ព្រឹក នៅ សណ្ឋារគារ Intercontinental Hotel ក្នុងរាជធានីភ្នំពេញ ។
ពិធីនេះគឺជាការចាប់ផ្តើមនៃសន្និសីទរយៈពេល ២ ថ្ងៃ ដើម្បីពិនិត្យមើលលើសមិទ្ធិផលដ៏គួរ ឲ្យកត់សំគាល់ក្នុងវិស័យកសិកម្ម អាហារូបត្ថម្ភ និងការកាត់បន្ថយភាពក្រីក្រ ដែលបានអនុវត្តអស់រយះពេល ៥ ឆ្នាំមកនេះ តាមរយះកម្មវិធីសន្តិសុខស្បៀងសំរាប់អនាគត ដែលអនុវត្តដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៏អន្តរជាតិ (USAID) ក្នុងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ សន្និសីទនេះនឹងមានការចូលរួមរបស់កសិករ អ្នកបង្កើតគោលនយោបាយ ម្ចាស់ជំនួយ មន្ត្រីរាជរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងសមាជិកនៃអង្គការសង្គមស៊ីវិល។
រដ្ឋាភិបាលអាមេរិកបានបង្កើតកម្មវិធីសន្តិសុខស្បៀងសំរាប់អនាគតនេះនៅកម្ពុជា នៅឆ្នាំ ២០១០ ក្នុងខេត្តចំនួន៤ ជុំវិញបឹងទន្លេសាប (ខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ធំ និង សៀមរាប) ដើម្បីកាត់បន្ថយភាពអត់ឃ្លាន និងភាពក្រីក្រ ដោយទន្ទឹមនឹងនោះ ដោះស្រាយបញ្ហាសមធម៌យេនឌ័រ បរិស្ថាន និង បញ្ហានៃការប្រែប្រួលអាកាសធាតុ។
កម្មវិធីសន្តិសុខស្បៀងសំរាប់អនាគតស្របតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនផលិតផលកសិកម្ម និងបង្កើនសន្តិសុខស្បៀង ។ រយៈពេល៥ឆ្នាំកន្លងទៅនេះ កម្មវិធីសន្តិសុខស្បៀងសំរាប់អនាគតបានផ្តល់ថវិការជាង ៥៥ លានដុល្លាអាមេរិកដើម្បីជួយកសិករកម្ពុជា ក្នុងការបង្កើនទិន្នផលកសិកម្ម និងប្រាក់ចំណូល ព្រមទាំងជួយពួកគេឲ្យមានលទ្ធភាពផ្គត់ផ្គង់អាហារបំប៉នសុខភាពដល់គ្រួសាររបស់ពួកគេ និងកាត់បន្ថយកង្វះអាហារូបត្ថម្ភ ។
លោកឯកអគ្គរដ្ឋទូតអាមេរិក William Heidt និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បណ្ឌិត យឹម ឆៃលី នឹងទស្សនាស្តង់តាំងពិព័រណ៌បន្ទាប់ពីថ្លែងសន្ទរកថាបើករួច ហើយនឹងធ្វើសេចក្តីថ្លែងខ្លីមួយព្រម ទាំងឆ្លើយសំណួរផ្សេងៗរបស់អ្នកសារព័ត៌មាន៕
មតិយោបល់