ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបុកនិងរថយន្ត តែមិនបង្កឲ្យមានអ្នកណាម្នាក់រងរបួសឡើយ។
ហេតុការណ៍កើតឡើងនៅម៉ោង៦ និង២០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៧ នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងភូមិ ត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ត្រង់ចំណុចមុខក្រុមហ៊ុន KCC។
សមត្ថកិច្ចបានឲ្យដឹង មុនពេលកើតហេតុ គេបានឃើញរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3 ក-6468 ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្ត ២គ្រឿងដែលធ្វើដំណើរស្របទិសគ្នានៅខាងមុខបន្តបន្ទាប់គ្នាបណ្តាលឲ្យរងការខូចខាតតែម្តង។
ប្រភពដដែលបន្តថា រថយន្តដែលរងការខូចខាតទាំង២គ្រឿង ទី១ម៉ាក irternatinal ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-2188 បើកបរដោយឈ្មោះ ឡេង ចាន់ថា ភេទ ប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិត្រាំខ្នា ឃុំសូភី ស្រុកបាទី ខេត្តតាកែវ និងរថយន្តទី២ម៉ាក HONDA CRV ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Z-5468 បើកបរដោយឈ្មោះ ងួន ធារាម ភេទប្រុស អាយុ៤៦ឆ្នាំ និងអ្នករួមដំណើរឈ្មោះ រាម សារ៉ា លេណា ភេទស្រី អាយុ៦ឆ្នាំ អ្នកទាំង២ ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ ក្រោយពេលកើតហេតុម្ចាស់រថយន្តបង្ក រត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងហេតុធ្វើការវាស់វែងនិងស្ទូចយករថយន្ត ដែលខូចនិងរថយន្តបង្កប្រគល់ឲ្យទៅនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក យកទៅរក្សាទុករង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់