ព័ត៌មានជាតិ

លាន់សូរតែប្រាវ! រថយន្តឡង់គ្រីស័របោះពួយជ្រុលបុករថយន្តហ្វតពីក្រោយ នៅខណ្ឌជ្រោយចង្វារ

ភ្នំពេញ: រថយន្តឡង់គ្រីស័រមួយគ្រឿងបានបើកក្នុងល្បឿនលឿនជ្រុលបុកពីក្រោយរថយន្តហ្វត បណ្តាលឲ្យខូចខាតយ៉ាងដំណំទាំងសងខាង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦អា ចំណុចស្ពានលេខ២ ក្នុងភូមិខ្ទរ​ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តដែលជ្រុលបុកគេពីក្រោយម៉ាកឡង់គ្រីស័រ ពណ៌ កណ្តុរប្រម៉េះ ពាក់ស្លាកលេខភ្នំពេញ2I-2556​។ ចំណែករថយន្តដែលត្រូវគេបុកពីក្រោយម៉ាកហ្វត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AX-6129​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា​ រថយន្តទាំង២គ្រឿងបើកស្របទិសគ្នាពីជើងទៅត្បូង នៅតាមបណ្តោយផ្លូវជាតិលេខ៦អា ដោយរថយន្តម៉ាកហ្វតបើកខាងមុខរថយន្តម៉ាកឡង់គ្រីស័របើកពីក្រោយ ខណ:ដែលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តឡង់គ្រីស័របានជ្រុលបុកពីក្រោយពេញទំហឹង បណ្តាលរថយន្តទាំង២គ្រឿងខូចខាតមុខក្រោយយ៉ាងដំណំ។

ក្រោយពេលកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាសងថ្លៃជួសជុលបញ្ចប់រឿង៕

មតិយោបល់