ភ្នំពេញៈ យុវជនម្នាក់ ជិះម៉ូតូឌ្រីមសង់ ទាក់ដៃចង្កូតជាមួយរថយន្តមួយគ្រឿង បណ្តាលឲ្យដួល ហើយរថយន្ដមួយគ្រឿងទៀតមិនស្គាល់ម៉ាកបើកកិនពាក់កណ្ដាលខ្លួនបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយរថយន្តបង្កបើកគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះ បានកេីតឡេីងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យុវជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតខាងលើមានឈ្មោះ ឈឹម ចាន់រះ អាយុ២៤ឆ្នាំ រស់នៅភូមិតាង៉ក ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង និងត្រូវជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DC-4336 ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងដែរថា យុវជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯង ធ្វើដំណើតាមបណ្ដោយផ្លូវខាងលើ ហើយត្រូវបានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកទៅប៉ះម៉ូតូជនរងគ្រោះកំពុងធ្វើដំណើពីក្រោយបណ្ដាលឲ្យដួល ធ្វើឲ្យម៉ូតូខ្ទាតទៅកណ្ដាលទ្រូងផ្លូវ ចំណែកយុវជនរងគ្រោះខ្ទាតមកកណ្ដាលផ្លូវចំហៀងម្ខាង ស្របពេលនោះក៏មានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងទៀត បើកមកពីក្រោយជ្រុលចង្កូតមកកិនចំពាក់កណ្ដាលខ្លួនជនរងគ្រោះកំពុងតែដួល បណ្ដាលឲ្យគ្រាំក្នុង ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុភ្លាមៗ រថយន្តបង្កទាំង២គ្រឿងបានបើករត់គេចខ្លួនបាត់ស្រមោល ដោយពុំមានអ្នកដេញតាមឡើយ ។ បន្ទាប់មកប្រជាពលរដ្ឋបានទំនាក់ទំនងទៅកាន់សាច់ញាតិជនរងគ្រោះបានចុះមកដល់កន្លែងកើតហេតុ ដោយឃើញមានបងប្អូនបង្កើតនិងម្ដាយបង្កើតមកយំសោកអោបកូននិងប្អូនទាំងក្ដីអាឡោះអាឡៃគួរឲ្យអណោចអធ័ម។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានធ្វើឯកសារប្រគល់សពជនរងគ្រោះ រួមទាំងម៉ូតូ ឲ្យទៅសាច់ញាតិក្រុមគ្រួសារដឹកយកទៅស្រុកកំណើតនៅឯខេត្តព្រៃវែង និងធ្វើបុណ្យតាមប្រពៃណី ៕
https://youtu.be/XMa-DKwAtPw
មតិយោបល់