ព័ត៌មានជាតិ

សេ១២៥ ពន្លះជាមួយនឹងរម៉កម៉ូតូពេញទំហឹង បណ្តាលឲ្យមន្ត្រីឥន្ទទានម្នាក់ ស្លាប់យ៉ាងរន្ធត់!

តាកែវៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូសេ១២៥ បានបុកជាមួយនឹងរម៉កម៉ូតូបណ្តាលឲ្យ អ្នកបើកបរម៉ូតូសេ១២៥ ដែលជាមន្ត្រីឥន្ទទាន ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី យប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៧៣-៧៤ ភូមិទួលត្បែង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺកើតឡើង​ខណៈដែលម៉ូតូមួយគ្រឿងម៉ាក​ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1B-7232 បើកបរដោយឈ្មោះ ឡុច ឈឺត ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិជ្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពង់ឆ្នាំង មុខរបរជាមន្ត្រីឥន្ទទាន បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ក៏បានបុករម៉កម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1B-8125 ដែលបើកបរដោយឈ្មោះ ង៉ែង វ៉ាន់ឆៃ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិតាលឿ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ដែលកំពុងបើកបរស្របទិសគ្នាពេញទំហឹង បណ្តាលឲ្យភាគីខាងមន្ត្រីឥន្ទទាន ស្លាប់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យតែម្តង។

បច្ចុប្បន្នម៉ូតូទាំង២គ្រឿងខាងលើ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់