ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ២គ្រឿងបានបុកគ្នាពេញទំហឹង រហូតបណ្តាលឲ្យមានមនុស្សចំនួន២នាក់ ស្លាប់និងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្សារ៣០០រៀល (អូរមួយ) ក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ភុំ ចាន់ដា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជាអ្នកបើកម៉ូតូវីវ៉ា និងអ្នករងរបួសធ្ងន់មានឈ្មោះ ផាន ភេទប្រុស អាយុ៣៩ឆ្នាំ ស្ថិតនៅក្នុងសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាអ្នកបើកម៉ូតូសេ១២៥។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1C-4380 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីអូរទីមួយឆ្ពោះមកផ្សារលើ លុះដល់ចំណុចខាងលើក៏បានបុកជាមួយនឹងម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1D-0278 ដែលកំពុងបើកក្នុងទិសដៅបញ្រ្ចាសគ្នាពេញទំហឹង បណ្តាលឲ្យភាគីអ្នកបើកម៉ូតូវីវ៉ា ស្លាប់យ៉ាងអាណោចអាធ័ម ចំណែកអ្នកបើកបរម៉ូតូហុងដាសេ១២៥ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅគ្លីនិកមិត្តភាព ៨៨៨ ។
ក្រោយកើតហេតុ មធ្យោបាយធ្វើដំណើរទាំង២គ្រឿងខាងលើ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយតាមច្បាប់បន្តទៀត។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់