ភ្នំពេញៈ ឃាត់ខ្លួនជនសង្ស័យបើករ៉ឺម៉កកង់បីលួចចូលក្នុងបុរីអាកាសចរណ៍ មុខប្រលានយន្តហោះ រួចលួចយកទ្វារដែកចំនួន៥ផ្ទាំង ហើយត្រូវសន្តិសុខឃើញ ក៏រាយការណ៍ប្រាប់មេការ និងសមត្ថកិច្ចប៉ុស្តិ៍កាកាប មកឃាត់យកទៅសួរនាំ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល៦និង៣០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ផន ជា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ មិះ ស៊ីណែត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន បុរីអាកាសចរណ៍ ស្នាក់នៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំ ម៉ោងកើតហេតុខាងលើ សន្តិសុខយាមប្រចាំការនៅបុរីអាកាសចរណ៍ បានរាយការណ៍តាមទូរសព្ទថា មានជនសង្ស័យម្នាក់លើកទ្វារដែកដាក់លើរ៉ឺម៉កកង់បី ឮដូច្នេះខ្លួន(ជនរងគ្រោះបានប្រាប់សន្តិសុខវិញថា ឃាត់ជនសង្ស័យឲ្យជាប់ ហើយខ្លួនបានរាយការណ៍ប្រាប់មកសមត្ថកិច្ចឲ្យទៅឃាត់ខ្លួនជនសង្ស័យយកមកសួរនាំនៅប៉ុស្តិ៍តែម្តង។
បច្ចុប្បន្នជន សង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ចូនមកឃុំខ្លូនបណ្តោះអាសន្ននៅផ្នែកជំនាញនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់