ភ្នំពេញៈ បើយោងតាមប្រភពពីលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់តាម Telegram នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះថាលោក អ៊ី ឋាវរៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ម្សិលមិញ បានចេញដីកាសម្រេចឃុំ ឈ្មោះ Mark Andrew Smith ជាបណ្ដោះអាសន្ននៅពន្ធនាគារហើយ។
លោក លី សុផាណា បានថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបើកការសើបសួរដោយចោទប្រកាន់លើឈ្មោះ Mark Andrew Smith ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិអង់គ្លេស តួនាទី ជានាយករងសាលារៀនអន្តរជាតិ Golden Bridge ពីបទ ប្រទូស្តកេរ្តិ៍ខ្មាសមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ជាកូនសិស្សស្រី អាយុ ៥ឆ្នាំ យោងតាមមាត្រា២៤៦ និងមាត្រា២៤៨ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា កម្លាំងនគរបាលក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនត្រូវចោទឈ្មោះ Mark Andrew Smith កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ នៅសាលាអន្តរជាតិ GOLDEN BRIDGE International School ស្ថិតនៅខណ្ឌទួលគោក បន្ទាប់ពីបែកធ្លាយរឿងអាស្រូវ ជនបរទេសរូបនេះ បាននាំក្មេងស្រីជាសិស្សសាលា អាយុទើប៥ឆ្នាំ ទៅរួមភេទដល់ផ្ទះ។
សូមបញ្ជាក់ថា ការចុះទៅឃាត់ខ្លួនជនជាប់ចោទ បានធ្វើឡើង បន្ទាប់ពីធ្លាយព័ត៌មាន និងត្រូវបានគេបង្ហោះចែកចាយនៅលើបណ្ដាញសង្គម Facebook របស់ស្ដ្រីវ័យចំណាស់ម្នាក់មានគណនីឈ្មោះ «Vriya MC» ដែលបានរៀបរាប់ពីហេតុការណ៍មួយនេះ បន្ទាប់ពីឪពុកម្ដាយក្មេងស្រីរងគ្រោះបានប្រាប់ទៅស្ត្រីរូបនេះ ប៉ុន្តែពួកគេមិនហ៊ានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច គ្រាន់តែបានទៅជួបជាមួយនាយកសាលាដែលជាជនជាតិខ្មែរ៕
https://youtu.be/pD005yHRtag
មតិយោបល់