ព័ត៌មានជាតិ

ឌុបគ្នាចេញពីក្លឹប តែត្រូវបានបក្ខពួក១ក្រុមទៀតស្ទាក់ដេញកាប់ បណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗក្នុងថ្លុកឈាម!

ភ្នំពេញ: ចេញពីក្លឹបឌុបគ្នាចូលចាក់សាំង ចេញមកវិញត្រូវក្រុមចោរប្លន់ប្រដាប់ដោយដាវសាំមូរ៉ៃកាប់ប្លន់យកម៉ូតូ សម្លាប់យុវជនម្នាក់ស្លាប់យ៉ាងអណោចអធ័ម។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាក Suzuki Letពណ៌សលាយទឹកប្រាក់ ជាមួយមិត្តភក្តិចេញពីក្លឹបកម្សាន្តម្តុំស្តុបផ្សារដីហុយ ផ្លូវសហព័ន្ធរុស្ស៊ីឆ្ពោះទៅកាន់រង្វង់មូលចោមចៅ ខណ:ពេលកំពុងតែធ្វើដំណើរដល់កន្លែងស្ងាត់ ក៏លេចមុខជនសង្ស័យជិះម៉ូតូប្រហែល៧គ្រឿង មានគ្នាប្រហែលជា១០នាក់ ប្រដាប់ដោយដាវសាំមូរ៉ៃ បានដេញតាមពីក្រោយ ហើយកាប់ជនរងគ្រោះជាច្រើនដាវត្រូវចំក្បាល និងដាច់ម្រាមដៃខាងស្តាំអស់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអធ័ម។

ប្រភពដដែលបានឲ្យដឹងទៀតថា សពយុវជនដែលរងគ្រោះខាងលើមានឈ្មោះ ហេង ហ៊ត អាយុ១៩ឆ្នាំ មុខរបរOdear នៅហាងម្តុំពេទ្យចិន មានស្រុកកំណើតនៅឯខេត្តកំពត។ សពត្រូបានតម្កល់ទុកនៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីប្លន់សម្លាប់បានរយ:ពេល២ម៉ោង កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យក៏ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានជាបន្តរបន្ទាប់ចំនួន៥នាក់ហើយ។ ចំណែកបក្ខពួកដែលនៅសេសសល់កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យកំពុងតែស្រាវជ្រាវចាប់បន្តយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

//youtu.be/dXbA-8BwLpA

មតិយោបល់