ភ្នំពេញៈ ក្រុមចោរកាប់ប្លន់ និងឆក់ដ៏កក្រើកនៅរាជធានីភ្នំពេញ ដែលបានធ្វើសកម្មភាពមិនតិចជាង៤០ដងនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបានជាបន្តបន្ទាប់ចំនួន៦នាក់ ក្នុងចំណោមបក្ខពួកជាង១០នាក់ កាលពីវេលាទៀបភ្លឺថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ ក្រោយធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូមួយគ្រឿង នៅជិតសាលាជម្ពូវ័ន្ត ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀតរបួស។
លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ ដែលដឹកនាំប្រតិបត្តិការនេះផ្ទាល់ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ស្ថិតក្រោមការបញ្ជា ផ្ទាល់ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញផងដែរ។
អធិការខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ទៀតថា បន្ទាប់ពីក្រុមជនសង្ស័យនេះ បានធ្វើសកម្មភាពកាប់ប្លន់មួយករណី ដោយបណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ហើយភ្លាមនោះកម្លាំងនគរបាលខណ្ឌ បានចេញអន្ដរាគមន៍បង្ក្រាប និងចាប់ខ្លួនបានជាបន្ដបន្ទាប់ចំនួន៦នាក់។
តាមប្រភពព័ត៌មានបានបញ្ជាក់ទៀតថា ក្រោយធ្វើសកម្មភាពភ្លាមកម្លាំងជំនាញបានជនសង្ស័យម្នាក់ ហើយបន្ដស្រាវជ្រាវចាប់បាន២នាក់ទៀត នៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោយក្រសោបបានជនសង្ស័យ៣នាក់នេះ កម្លាំងជំនាញបន្ដសួរនាំ និងតាមប្រមាញ់បានជនសង្ស័យ៣នាក់បន្ថែមទៀត ដែលបានលួចមកសម្ងំ និងដេកនៅក្នុងផ្ទះសំណាក់ ចន្ទ្រពេញវង់ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បើតាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យ ពួកគេបានធ្វើសកម្មភាពប្លន់ និងឆក់ ហើយជាពិសេសឆក់មិនតិចជាង៤០ដងនោះទេ នៅក្នុងរាជធានីភ្នំពេញ ដែលពួកគេអះអាងថា មានគ្នារហូតដល់ទៅជាង១០នាក់ឯណោះ។ យ៉ាងណាមិញកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីបន្ដបង្ក្រាបបក្ខពួក របស់ក្រុមជនសង្ស័យទាំងនេះ បន្ដទៀតផងដែរ។
សូមជម្រាបថា ក្នុងហេតុការណ៍កាប់ប្លន់យកម៉ូតូម៉ាកស៊ុយសាគីលែត មួយគ្រឿងយប់មិញនេះ ជនរងគ្រោះទី១មានឈ្មោះ ឆោម វ៉ាន់ឆៃ អាយុ២២ឆ្នាំ របួសស្រាល ជាអ្នកបើកម៉ូតូ និងទី២ឈ្មោះ ហេង ហ៊ត អាយុ១៩ឆ្នាំ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ មានស្រុកកំណើតនៅភូមិបងបក់ ឃុំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត ដោយមុនពេលកើតហេតុ ពួកគេទាំង២នាក់ ចេញពីក្លឹបរាំកម្សាន្ត (អាវ៉ាលន) ហើយជិះមកចាក់សាំងជិតក្លឹបនោះ ពេលចេញពីស្ថានីយ៍សាំង ក្រុមជនល្មើស ក៏ជិះម៉ូតូមកប្រហែល៥ទៅ៦គ្រឿង មានគ្នាប្រហែលជា១០នាក់ គប់ដុំថ្មមកលើជនរងគ្រោះ ពេលនោះជនរងគ្រោះ បើកម៉ូតូរត់គេចរហូតមកដល់ ចំណុចកើតហេតុខាងលើ ក៏ជនល្មើសបានកាប់ជនរងគ្រោះ មួយកាំបិត និងប្លន់យកម៉ូតូតែម្ដង។
បច្ចុប្បន្នជនសង្ស័យទាំងនោះត្រូបានកម្លាំងខណ្ឌធ្វើការឃុំខ្លួនបណ្តោះអាសន្ន និងកំពុងតាមស៊ើបនិងតាមប្រមាញ់ចាប់បក្ខពួកបន្តទៀត៕
https://youtu.be/X_0-q420xT0
មតិយោបល់