ភ្នំពេញៈ មិត្តភក្តិរាប់អានគ្នារាប់ឆ្នាំ ដោយមានការទុកចិត្តបានឲ្យខ្ចីម៉ូតូជិះ បែរជាមិត្តទ្រុស្តមិត្ត ហ៊ានស៊ីដាច់ម៉ូតូមិត្តភក្តិចិត្តមួយថ្លើមមួយរបស់ខ្លួនឯង ដោយប្រើល្បិចខ្ចីម៉ូតូជិះឌុបប្រពន្ធទៅលេងស្រុកកំណើត បែរជាយកទៅបញ្ចាំបានលុយគេចខ្លួន៤ថ្ងៃ ម្ចាស់អស់សង្ឃឹមរត់មកប្តឹងនគរបាលប៉ុស្តិ៍ចោមចៅឲ្យជួយអន្តរាគមន៍ កាលពីវេលាម៉ោង២រសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ។
ជនរងគ្រោះជាដើមបណ្តឹងមានឈ្មោះ ងិល វិចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិព្រៃទទឹង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកមិត្តទ្រុស្តមិត្តនោះមានឈ្មោះ កុយ រ៉ូហ្សា ភេទប្រុស អាយុជាង៣០ឆ្នាំ ធ្វើការងារជាមួយគ្នា មានទីលំនៅ ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ប្រពន្ធមានស្រុកកំណើតនៅឯខេត្តតាកែវ បានខ្ចីម៉ូតូជនរងគ្រោះម៉ាកស្កុបពី ពណ៌ស សេរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FI-4511។
ជនរងគ្រោះបានរៀបរាប់ប្រាប់ទាំងរអាក់រអួលថា ខ្លួនជាមួយ ជនសង្ស័យ ជាមិត្តភក្តិ នឹងគ្នា កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៩ ខែឧសភា កន្លងមក ជនសង្ស័យបានខ្ចីម៉ូតូរបស់ខ្លួន ដោយប្រាប់ថា ជិះឌុបប្រពន្ធទៅស្រុកកំណើត នៅខេត្តតាកែវ ផ្ទុយទៅវិញ នៅល្ងាចថ្ងៃទី៣០ ខែឧសភា ពេលដែលជនរងគ្រោះទូរស័ព្ទសាកសួរ ពេលណាវិលមកភ្នំពេញវិញ បែរជាជនសង្ស័យប្រាប់ថា ម៉ូតូយកទៅបញ្ចាំ នៅកណ្តាលក្រុងភ្នំពេញបាត់ហើយ ចាំថ្ងៃណា គេមានលុយ ចាំទៅលស់យកមកសងវិញ ថាហើយក៏បិទទូរស័ព្ទបាត់ ។ ជនរងគ្រោះបន្តទៀតថា គ្រាន់តែឮមិត្តភក្តិប្រាប់បែបនេះភ្លាម សឹងទប់ខ្លួនមិនបាន មិនគួរឡើយណាមិត្តភក្តិ ថ្លើមធំដល់ថ្នាក់ហ្នឹងសោះ។
អសរយៈពេល៤ថ្ងៃមកហើយ ជនរងគ្រោះអស់សង្ឃឹម មិនដឹងធ្វើយ៉ាងណាបានម៉ូតូមកវិញ ទោះប្រឹងនិយាយលួងលោម សូមឲ្យមិត្តភក្តិជូនទៅលល់ម៉ូតូមកវិញ ក៏មិនបាន ទើបជនរងគ្រោះសម្រេចចិត្តទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅឲ្យជួយអន្តរាគមន៍៕
មតិយោបល់