ភ្នំពេញៈ មានរូប មានទុក្ខ ពាក្យនេះ ពិតជាត្រូវ បើទោះអ្នកជានរណា មានទ្រព្យសម្បត្តិប្រាក់កាសប៉ុណ្ណា ក៏មិនអាចរស់នៅដោយមិនជួបទុក្ខនោះឡើយ។ យ៉ាងណាមិញ សុខ ឬទុក្ខ ក៏ត្រូវមនុស្សមួយចំនួន អាចដោះស្រាយ ឬគ្រប់គ្រងបាន ហើយមួយចំនួនក៏មិនអាច ដោយសារកត្តាផ្សេងៗគ្នា។ ថ្ងៃនេះ Post News សូមលើកយកជីវិតគ្រួសារត្រកូលអ្នកមានម្នាក់ មានងារជាឧកញ៉ាវ័យក្មេងចិត្តធម៌ ដែលកន្លងមក មិនត្រូវបានសង្គមទទួលស្គាល់ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានសង្គមកម្ពុជា កោតសរសើរស្ទើរមិនដាច់ពីមាត់ ព្រមទាំងធ្វើឲ្យមហាជនយកធ្វើជាគំរូ ដោយផ្ដល់ទាំងក្ដីស្រឡាញ់ និងភាពអាណិតអាសូរ គ្រាដែលគ្រួសារមួយនេះកំពុងជួបទុក្ខធ្ងន់។
លោក ឌួង ឆាយ ដែលកន្លងមកធ្លាប់ធ្វើឲ្យសង្គមស្អប់ខ្ពើមនោះ បច្ចុប្បន្នបានក្លាយជាឧកញ៉ាវ័យក្មេងចិត្តធម៌ ក្នុងកាយវិការជួយដល់ការងារសង្គម និងទុរគតជនយ៉ាងសកម្ម ជាពិសេសអ្នកកំពុងជួបការខ្វះខាត ឬទីទ័លក្រ ដូចជាជនរងគ្រោះដោយសារខ្វះលទ្ធភាពព្យាបាលជំងឺធ្ងន់ធ្ងរ ឬលទ្ធភាពបន្តការសិក្សាជាដើម ដើម្បីធ្វើឲ្យពួកគេមានក្ដីសង្ឃឹមក្នុងជីវិតឡើងវិញ រស់នៅក្នុងពិភពលោកមួយមានការជួយជ្រោមជ្រែងគ្នាដោយទឹកចិត្តសប្បុរសធម៌។ ក្នុងនោះដែរ អ្នកជំងឺមួយចំនួនមានចាស់មានក្មេងក៏ត្រូវលោក ឌួង ឆាយ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យល្បីៗក្រៅប្រទេសរហូតជាសះស្បើយ១០០% ដោយថវិការបស់លោកផ្ទាល់ ដែលកាយវិការទាំងនេះហើយ ធ្វើឲ្យសង្គមកម្ពុជា កោតសរសើរចំពោះទឹកចិត្ត និងកម្លាំងសទ្ធារបស់លោកគ្រប់ៗគ្នា។
ទោះជាយ៉ាងណា កុសលផលបុណ្យដែលលោកខំសាងទាំងអម្បាលម៉ាន ក៏មិនទាន់ធ្វើឲ្យលោករួចផុតទុក្ខបានឡើយ ដោយក្នុងរយៈពេលជាងកន្លះឆ្នាំមកនេះ ក្រុមគ្រួសារលោកឧកញ៉ា ឌួង ឆាយ កំពុងជួបទុក្ខ្យ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យលោក និងភរិយា ហ៊ានលះបង់សព្វបែបយ៉ាង ដើម្បីដោះស្រាយបញ្ហាមួយនេះ។ ចាប់តាំងដើមខែមករា ឆ្នាំ២០១៦ រហូតមដល់បច្ចុប្បន្ន រយៈពេលជិត៦ខែហើយ កូនប្រុសច្បងរបស់លោកឧកញ៉ាវ័យក្មេងរូបនេះ ដេកនៅលើគ្រែក្នុងមន្ទីរពេទ្យក្នុងសភាពសង្គ្រោះបន្ទាន់។ លោក ឌួង ឆាយ បានលះបង់គ្រប់បែបយ៉ាង ដើម្បីកូនប្រុសម្នាក់នេះ លះបង់អស់ភាពសប្បាយបែបជាយុវវ័យ លះបង់ក្ដីសុខផ្ទាល់ខ្លួន ព្រមទាំងជីវិត រហូតធ្វើឲ្យលោក និងភរិយា សន្យាថា នឹងកោរសក់បួស នៅពេលកូនប្រុសជាសះស្បើយ។
កុមារា ឌូប (DUB) ជាកូនប្រុសច្បងរបស់លោកឧកញ៉ា ឌួង ឆាយ ធ្លាប់ទទួលបានការព្យាបាលពីមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ប៉ុន្តែការព្យាបាលត្រូវបរាជ័យ ហើយលោកក៏បញ្ជូនកូនទៅព្យាបាលនៅមន្ទីរពេទ្យបំរ៉ុងរ៉ាដ នាទីក្រុងបាងកក ប្រទេសថៃ ក្នុងសភាពសង្គ្រោះបន្ទាន់ តែលទ្ធផលធ្វើឲ្យស្ទើរជ្រុះបេះដូងពីទ្រូង ព្រោះត្រូវបរាជ័យជាលើកទី២ លោក និងភរិយាហាក់ហេលហាលដូចទូកកំពុងជួបព្យុះសង្ឃរានៅកណ្ដាលទន្លេ មើលមិនឃើញកោះត្រើយ ឃើញតែពពកខ្មៅមីដេរដាស លាយឡំនឹងសំឡេង និងពន្លឺផ្លេកបន្ទោលព្រាកៗ ហើយគ្រាប់ភ្លៀងរាប់ម៉ឺនដំណក់កំពុងធ្លាក់សន្ធប់មកលើពួកគេ។ ទាំងពីរនាក់ប្ដីប្រពន្ធ សម្លឹងមើលទៅឃើញតែភាពខ្មៅងងឹតជុំវិញខ្លួន ក្ដីសង្ឃឹមថា កូនប្រុសបណ្ដូលជីវិតនៅរស់ ផ្ដល់ស្នាមញញឹមដ៏គួរឲ្យស្រឡាញ់ហាក់គ្មានសោះឡើយ។
យ៉ាងណាមិញ ទេវតាបានបង្ហាញផ្លូវមួយឲ្យលោក និងក្រុមគ្រួសារមានក្ដីសង្ឃឹមឡើងវិញ បន្ទាប់ពីលោក សម្រេចបញ្ជូនកូនប្រុសបណ្ដូលចិត្តរូបនេះ ទៅសង្គ្រោះនៅមន្ទីរពេទ្យមួយក្នុងប្រទេសសឹង្ហបុរី។ នៅក្នុងមន្ទីរពេទ្យឯប្រទេសសឹង្ហបុរី កុមារា ឌូប បានទទួលការវះកាត់ខួរក្បាល ប្រកបដោយភាពជោគជ័យ រហូតមកដល់ពេលនេះ ស្ថានភាពសុខភាពរបស់កុមារាហាក់ប្រសើរឡើងវិញបន្តិច ប៉ុន្តែមិនមានន័យថា ឪពុកម្ដាយមានសង្ឃឹម១០០%ឡើយ គឺស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់គ្រប់ពេលវេលា ដែលទាមទារទាំងក្រុមគ្រូពេទ្យ និងគ្រួសារ យកចិត្តទុកដាក់ថែទាំងយ៉ាងពិសេសបំផុត។
កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ លោក ឌួង ឆាយ បានសរសេរលើហ្វេសបុករបស់ខ្លួនថា “ទឹកភ្នែកខ្ញុំ និងភរិយាហូររាល់ពេលដែលខ្ញុំបានឃើញគ្រូពេទ្យបង្រៀនកូនខ្ញុំធ្វើលំហាត់ប្រាណសម្រាប់អង្គុយ និងដើរម្តងទៀត ទាំងមិនទាន់ដឹងខ្លួនមានស្មារតីគ្រប់គ្រាន់វិញ ពិតជាខ្លោចចិត្តខ្លាំងណាស់។ ខ្ញុំមិនអាចជួយគេបាន ហើយលើផែនដីនេះ ក៏គ្មានវិធីជួយឲ្យគេដឹងខ្លួនវិញភ្លាមៗ ក្រៅពីរង់ចាំពេលវេលា។ ខ្ញុំតែងតែប្រាប់គេឲ្យទ្រាំសិនទៅណាកូន អ្វីៗនឹងដូចដើម ពីព្រោះមានមនុស្សល្អជាច្រើនជូនពរ និងរង់ចាំកូនជានិច្ច”។
ស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់គ្រប់ពេលនេះ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ លោកឧកញ៉ាវ័យក្មេង និងភរិយា បានទៅបួងសួងដល់ព្រះនាងគង់ស៊ីអ៊ីម ព្រោះចង់ឲ្យកូនប្រុសច្បងរបស់លោកបានបើកភ្នែកមើលឃើញពិភពលោកជាថ្មីម្តងទៀត។ លោកបានឲ្យដឹងថា “ជិតដល់ថ្ងៃវិសាខបូជាហើយ សូមព្រះសង្ឃ និងបងប្អូនពូមីងជួយបន្តបន់ស្រន់ឲ្យកូនខ្ញុំផងណា។ ក្នុងមួយជីវិតនេះ អ្វីដែលសំខាន់បំផុតសម្រាប់ជីវិតរបស់ខ្ញុំ គឺសេចក្តីសុខ និងសេចក្តីចម្រើនរបស់សមាជិកគ្រួសារ។ ប៉ាមិនអស់សង្ឃឹមឡើយ ហើយប៉ា ត្រូវតែរឹងមាំលើកទឹកចិត្តកូន ដើម្បីជំរុញកូនឲ្យទទួលបានភាពជោគជ័យ និងសេចក្តីសុខនៅក្នុងជីវិត។ បុណ្យកោសល្យទាំងអស់ ដែលប៉ាបានធ្វើសូមអានិសង្ឃទាំងអស់ជួយឲ្យអភិនីហារកើតឡើងចំពោះកូនរបស់ខ្ញុំផង។ ប៉ាពិតជាចង់ឃើញកូនបើកភ្នែកដូចមុនវិញខ្លាំងណាស់”។
ដូចការព្យាយាមបន់ស្រន់ម្ដងហើយម្ដងទៀតណាស់ ថ្មីៗនេះ កូនប្រុសរបស់លោក ក៏អាចបើកភ្នែកបានឡើងវិញ ធ្វើឲ្យលោកឧកញ៉ា ឌួង ឆាយ និងភរិយា ហាក់មានសង្ឃឹមបន្តិចទៀត ហើយក៏បន្តបន់ស្រន់គ្រប់វត្ថុស័ក្ដិសិទ្ធក្នុងលោក ជួយឲ្យកូនប្រុសជាទីស្រឡាញ់ត្រឡប់មកសភាពដើម ដូចកាលមិនទាន់ឈឺ។ លោក ឌួង ឆាយ បានសរសេរយ៉ាងដូច្នេះ នៅចំថ្ងៃទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០១៦នេះថា “រីករាយថ្ងៃសិទ្ធិកុមារអន្តរជាតិ ១ មិថុនា នៅក្នុងថ្ងៃនេះ ប្រាកដជាមានឪពុកម្តាយគ្រប់រូបបាននាំកូនៗដើរកម្សាន្តគ្រប់ទីកន្លែង តែខុសប្លែកពីកូនប្រុសខ្ញុំ ថ្វីត្បិតកូនខ្ញុំមិនទាន់មានសុខភាពពេញលេញដូចពីមុនពិតមែន តែខ្ញុំសប្បាយចិត្ត ព្រោះគេអាចបើកភ្នែកបាន បើទោះបីជាមិនដឹងថា គាត់អាចមើលឃើញកម្រិតណាក៏ដោយ។ ទាំងនេះ ជាកម្លាំងចិត្តដែលកូនផ្ដល់ឲ្យប៉ា។ ថ្ងៃនេះ ប៉ាដឹងថា កូនថាកូនចង់បបួលប្អូនប្រុស និងម៉ាក់កូនទៅលេងទឹកខ្លាំងណាស់! ឲ្យតែដល់ពេលបុណ្យសិទ្ធិកុមារអន្តរជាតិម្ដងៗ កូនតែងតែរៀបចំសម្លៀកបំពាក់ជាមួយប្អូនប្រុស ហើយរង់ចាំ ប៉ាម៉ាក់ត្រឡប់មកពីដោះស្រាយការងារ ទើបគ្រួសារយើងទៅទាំងអស់គ្នា។ កូនជាបងប្រុសដ៏ល្អ និងកូនដ៏ល្អសម្រាប់គ្រួសារយើង។ ជាចុងក្រោយ ខ្ញុំបាទ សូមលើកដៃប្រណំបង្គំដល់វត្តុស័ក្ដិសិទ្ធគ្រប់ទិសទី មេត្តាជួយឲ្យកូនប្រុសច្បងរបស់ខ្ញុំ ត្រឡប់មកដូចដើមវិញផង។ ខ្ញុំបាទក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់ ដែលជួយបួងសួង និងអធិដ្ឋានដល់កូនប្រុសច្បងរបស់ខ្ញុំ សូមអ្នកទាំងអស់បន្ដនូវការបួងសួង និងអធិដ្ឋាននេះបន្តទៀត។ សូមទទួលការស្រលាញ់រាប់អានអំពីខ្ញុំបាទ ឌួង ឆាយ”។
គិតរហូតដល់ថ្ងៃនេះ រយៈពេលជិតកន្លះឆ្នាំហើយ ស្ថានភាពជំងឺកូនប្រុសរបស់លោក ឌួង ឆាយ បានត្រឹមបើកភ្នែកឃើញពិភពលោកនេះជាលើកទី២ ទាំងដែលក្ដីសង្ឃឹមអាចរស់រានមានជីវិតរបស់កុមារាអភ័ព្វកើតក្នុងទ្រនំអ្នកមានម្នាក់នេះ មិនដឹងជាយ៉ាងណា។ ទោះជាយ៉ាងណាក្ដី នេះក៏បង្ហាញឲ្យយើងឃើញថា លោកឧកញ៉ា ដែលពីមុនធ្លាប់មានរឿងអាស្រូវបង្កបញ្ហាដល់សង្គមនោះ បានកែប្រែគ្រប់បែបយ៉ាង កែប្រែពីមនុស្សដែលធ្លាប់ត្រូវគេស្អប់ ធ្វើឲ្យគេគោរពស្រឡាញ់ និងកោតសរសើរមិនដាច់ពីមាត់ ហើយក៏ជាគំរូមួយសម្រាប់សង្គមកម្ពុជា ដែលសម្បូរទៅដោយកូនអ្នកមានទ្រព្យធនធ្វើបាប និងជិះជាន់ពលរដ្ឋដូចគ្នា ហើយក៏បង្កឲ្យគ្រួសារបាក់មុខមាត់ និងបំផ្លាញទ្រព្យធនរាប់មិនអស់។
ទង្វើសកម្មភាពដ៏ប្រពៃទាំងអស់របស់ឧកញ៉ាវ័យក្មេង ឌួង ឆាយ បាន និងកំពុងធ្វើឲ្យយុវជន និងសាធារណជនយកជាគំរូច្រើនឡើងៗ។ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកភាគច្រើន តែងតែបង្ហាញនូវក្ដីគោរពស្រឡាញ់ដល់គាត់ផងដែរ។ ទន្ទឹមនឹងពាក្យកោតសរសើរទាំងអម្បាលម៉ាន ប្រជាពលរដ្ឋលើកទឹកចិត្ត និងចង់ឲ្យលោក ឌួង ឆាយ បន្តសកម្មភាពមនុស្សធម៌ ដើម្បីធ្វើជាយុវជនគំរូមួយរូប បង្ហាញដល់កូនអ្នកមានទ្រព្យធន់ស្ដុកស្ដម្ភដទៃទៀត បានដឹងឮ និងមានការភ្ញាក់រឭកក្នុងការងារជួយសង្គមកម្ពុជា ដែលគេនៅមើលឃើញថា នៅមានប្រជាពលរដ្ឋខ្វះខាត និងរងគ្រោះច្រើនទៀត។ ក្នុងនេះដែរ យើងក៏សូមជូនពរ និងបួងសួងដល់វត្ថុស័ក្ដិសិទ្ធតាមជួយរក្សាការពារ និងសូមឲ្យកូនប្រុសរបស់លោកឆាប់ជាសះស្បើយផងដែរ៕
មតិយោបល់