HTC នឹងមិនបំភ្លេចចោលប្រព័ន្ធដំណើរការ Windows Phone នោះទេ បើទោះបីជានៅពេលនេះ HTC កំពុងផ្ដោតទៅលើប្រព័ន្ធដំណើរការ Android ក្ដី ប៉ុន្តែប្រព័ន្ធដំណើរការ Windows Phone របស់ក្រុមហ៊ុន Microsoft នៅតែជាអាទិភាព។ នេះបើយោងតាមសម្ដីរបស់ក្រុមហ៊ុន HTC បានថ្លែងឲ្យដឹងកាលពីថ្មីៗនេះ។
សារព័ត៌មាន CNET បានដកស្រង់សម្ដីរបស់លោក Tai Ito អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន HTC ថា ក្រុមហ៊ុនពេញចិត្តយ៉ាងខ្លាំងជាមួយនឹងទីផ្សារ Windows Phone ហើយជាពិសេស HTC បានសហការយ៉ាងល្អជាមួយនឹងក្រុមហ៊ុន Microsoft នៅក្នុងរយៈពេលវែងឆ្ងាយ។
ក្រុមហ៊ុន HTC ទើបតែចេញលក់ស្មាតហ្វូន Windows Phone 8X នៅលើទីផ្សារ ប៉ុន្តែមិនសូវទទួលបានចំណាប់អារម្មណ៍ពីសំណាក់អ្នកប្រើនោះទេ ប៉ុន្តែលោក Tai Ito បានថ្លែងថា អតិថិជនរបស់ HTC នឹងងាកមកចាប់អារម្មណ៍ជាមួយនឹង Windows Phone នៅក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ផងដែរថា ប្រព័ន្ធដំណើរការ Windows Phone បានដណ្ដើមយកទីផ្សារស្មាតហ្វូនជាបណ្ដើរៗ បើទោះបីជា Android និង iOS កំពុងតែនាំមុខក្ដី៕
មតិយោបល់