ព័ត៌មានជាតិ

កាមរីបាឡែន កំពុងបើកស្រាប់តែឆេះគូថខាងក្រោយ ផ្អើលគេឯងពេញផ្លូវ!

កំពតៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានរថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង កំពុងបើកសុខៗស្រាប់តែមានផ្សែងហ៊ុយយ៉ាងខ្លាំងចេញពីគូថខាងក្រោយ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកងកម្លាំងរបស់រថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទី ល្ងាចថ្ងៃទី២៩ ខែសីហា​ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៣ ផ្សាររីញាណ ក្នុងភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដែលឆេះនេះ ជាប្រភេទរថយន្តកាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 1AQ-3676 បើកបរដោយឈ្មោះ សាន់ លួន ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅក្នុងឃុំអណ្តូងខ្មែរ ក្រុងកំពត បើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែមានប្រជាពលរដ្ឋ បានឃើញផ្សែងហ៊ុយយ៉ាងខ្លាំងពីខាងក្រោយនៃរថយន្ត ក៏នាំគ្នាបក់ដៃឲ្យរថយន្តឈប់ ធ្វើឲ្យអ្នករួមដំណើរនៅលើរថយន្តទាំង៦នាក់ ភ័យប្រញាប់នាំគ្នាចុះពីលើរថយន្ត រួចផុតពីគ្រោះថ្នាក់ ហើយភ្លាមៗមានរថយន្តពន្លត់អគ្គិភ័យរបស់រោងចក្រីទីង ១គ្រឿងបានចុះមកបាញ់ពន្លត់ ក្នុងនោះក៏មានរថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តក៏ដល់ដែរ៕

មតិយោបល់