ព័ត៌មានជាតិ

Update៖ ប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹក និងមានសភាពហើមស្អុយសង្ស័យជាករណីឃាតកម្ម!

ភ្នំពេញៈ ប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹកទន្លេសាប ដោយមានស្នាមរបួសចំផ្ទៃមុខ សង្ស័យជាអំពើឃាតកម្ម។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨នឹង៣០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចទន្លេសាបខាង ក្រោយហាងនំបុ័ងភ្នំពេញ ដែលស្ថិតនៅក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា សាកសពបុរសដែលគេប្រទះឃើញខាងលើ គឺមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ ដែលមានភិនភាគស្លៀកខោសាច់ក្រណាត់ពណ៌ខ្មៅ អត់មានពាក់អាវ អាយុប្រហែល៣៥ឆ្នាំ កម្ពស់ប្រហែល១ម៉ែត្រ៥០ សភាពសពរងរបួសបែកមុខមានប្រលាក់ឈាម។

ប្រភពព័ត៌មានដដែលពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា នៅមុនពេលប្រទះឃើញសាកសពបុរសខាងលើ រូបគេបានដើរចុះមកពីលើច្រាំង ដើម្បីឡើងទៅលើកាណូត ខណៈពេលកំពុងធ្វើដំណើរចុះមកជិតដល់កាណូត ស្រាប់តែបានប្រទះឃើញសពបុរសខាងលើ។ ភ្លាមៗនោះ រូបគាត់បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យមកកន្លែងកើតហេតុ និងពិនិត្យសាកសព។

ក្រោយមក កម្លាំងសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើការអូសទាញយកសពជនរងគ្រោះខាងលើមកលើគោក ដើម្បីធ្វើការពិនិត្យកោសល្យវិច្ច័យ និងស្រាវជ្រាវរកសាច់ញាតិបងប្អូន ចំណែកឯសពបុរសខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តទួលសង្កែ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់