ព័ត៌មានជាតិ

ប៊ិះស៊យហើយលោកចោរ! ឆក់កាបូបប៉ះកាបូបមានGPS បានសម្រេចទាំងព្រលឹងចុងសក់!..

ភ្នំពេញៈ បុរសជនជាតិបរទេសម្នាក់ ត្រូវចោរ១ក្រុមបានធ្វើសកម្មភាពឆក់យកកាបូបបានសម្រេចយកលុយអស់ជិត៦០០ដុល្លារ ហើយជិះគេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនបរទេសដែលជាជនរងគ្រោះនោះឈ្មោះ Matthias Lendi ភេទប្រុស អាយុ៤០ឆ្នាំជាជនជាតិញ៉ូហ្សាលែន ជាអ្នកទេសចរណ៍ផងដែរ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជីះម៉ូតូកង់បីមានគ្នា៥នាក់ មានស្ត្រី៣ តាមបណ្តោយផ្លូវ២០០៤ ខណៈមកដល់ចំណុចខាងលើ ស្រាប់តែមានជនសង្ស័យមួយក្រុមមកពីក្រោយធ្វើសកម្មភាពឆក់កាបូប ពណ៌ខ្មៅ ដែលប្រពន្ធគាត់ដាក់ពីមុខបានសម្រេចតែម្តងហើយ។

ក្រោយពីធ្វើសកម្មភាពឆក់កាបូបបានភ្លាមៗគាត់ជា(ជនរងគ្រោះ)បានជិះម៉ូតូឌុប ដេញតាមពីក្រោយដោយបើកGPS តាមពីក្រោយរហូតមកដល់ចំណុចឃ្លាំងក្នុងដីឡូតិ៍មួយកន្លែង នៅភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក៏បានតាមទាន់ជនសង្ស័យខាងលើមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿងដោយម៉ូតូមួយម៉ាកឌ្រីមសង់ និងមួយគ្រឿងម៉ាកនិច ពណ៌ក្រហមខ្មៅ ចូលឃ្លាំងខាងលើបាត់។

ប្រភពដដែលបានប្រាប់ទៀតថា ខណៈដេញមកទាន់នៅឃ្លាំងខាងលើស្រាប់តែជនសង្ស័យទាំង៣នាក់ បានចេញពីឃ្លាំងវិញវ៉ាក់អឺនិងជនរងគ្រោះមកដល់និងនាំគ្នាប្រុងវាយតដៃទៅលើជនរងគ្រោះវិញនិងនាំគ្នាជិះម៉ូតូគេចម្តងទៀតបាត់អស់ទៅ។

ប៉ុន្តែក្រោយជនទាំង៣ចេញផុតគាត់បានឆែកទូរសព្ទតាមGPSម្តងទៀតស្រាប់តែលែងឃើញលោតGPSជនរងគ្រោះក៏ប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យមកធ្វើការត្រួតពិនិត្យទីតាំងខាងលើ។

តាមការបញ្ជាក់របស់ជនរងគ្រោះបានប្រាប់ថានៅក្នុងកាបូបដែលបាត់មានទូរសព្ទដៃម៉ាកiPhone 6 មួយគ្រឿង,លុយ៤០០ដុល្លារនិងVISA ABAមួយសន្លឹកសរុបជាប្រាក់អស់ជិត៦០០ដុល្លារ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានធ្វើការដើរឆែកឆេរនៅជុំវិញឃ្លាំងខាងលើបានរកឃើញកាបូបស្ពាយ នឹង អត្តសញ្ញាណបណ្ណ សម្ភារៈមួយចំនួនទៀតដែលសង្ស័យថាជារបស់ ក្រុមចោរ ផ្លុងចោល ខណៈនោះផងដែរ។ សមត្ថកិច្ចបានឆែកកាមេរ៉ាសុវត្ថិភាពដែលនៅក្នុងឃ្លាំងនោះទៀត រួចមកក៏បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឆក់និងប្រើប្រាស់នូវសារធាតុញៀន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួន១ឈ្មោះ លី មិញ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២ឈ្មោះ ឆេម រាជ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង២នាក់នេះស្នាក់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់បក្ខពួកជនសង្ស័យបន្តទៀតដើម្បីយកមកចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់