ព័ត៌មានជាតិ

អាសូរ! បុរសម្នាក់ ខ្យល់គដេកស្លាប់គ្មានអ្នកដឹង!

កណ្តាល: បុរសម្នាក់ ជាកម្មករបើករថយន្តដឹកទំនិញឲ្យថៅកែលក់គ្រឿងសំណង់ ដេកស្លាប់ដោយសារខ្យល់គ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ វង់ វន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ តៃកុងរថយន្តដឹកទំនិញ ស្នាក់នៅសព្វថ្ងៃភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា រយ:ជាង២ខែមកហើយជនរងគ្រោះបានមកធ្វើជាកម្មករបើករថយន្តដឹកទំនិញឲ្យថៅកែលក់គ្រឿងសំណង់ឈ្មោះ ប៊ុន ឃន ភេទប្រុស អាយុ៦០ឆ្នាំ នៅភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រហូតដល់សព្វថ្ងៃនេះ។ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ចាប់ពីម៉ោង៧ព្រឹកជនរងគ្រោះបានបើករថយន្តដឹកទំនិញដាក់តាមម៉ូយដូចរាល់ថ្ងៃ ជាមួយកម្មករច្រើននាក់ទៀត រហូតដល់ម៉ោង៦ ជនរងគ្រោះនិងកម្មករបានបើករថយន្តចូលផ្ទះហើយមុជទឹកនិងហូបបាយនៅផ្ទះថៅកែជាមួយកម្មករ ពេលហូបបាយរួចកម្មករ៣នាក់ទៀតបានទៅដេកផ្ទះរៀងៗខ្លួន ឯជនរងគ្រោះបានដេកនៅលើគ្រែក្នុងបង្ហាផ្ទះរបស់ថៅកែចំហៀងខាងក្រោយតែម្នាក់ឯង។ ដល់វេលាម៉ោង៨យប់ថ្ងៃដដែលឈ្មោះ សំណាង ហុងភេទប្រុស អាយុ៣៨ឆ្នាំ ជាកូនប្រសាររបស់ឈ្មោះប៊ុន ឃន បានយកទឹកផ្លែឈើឲ្យជនរងគ្រោះផឹកតែជនរងគោះមិនផឹកទេហើយដេកចុចទូរសព្ទលេងម្នាក់ឯង បន្ទាប់មកឈ្មោះសំណាង ហុងបានបិទទ្វារដេក ។ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៦ព្រឹក ឈ្មោះ ឃន ម៉េងឃាង ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវជាកូនរបស់ឈ្មោះប៊ុន ឃន បានមកដាស់ហៅជនរងគ្រោះឲ្យក្រោកស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅលើដីជិតនិងជើងគ្រែហើយរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់។

បន្ទាប់មកក្រុមចម្រុះមានគ្រូពេទ្យ លោកមេឃុំ លោកមេភូមិនិងកម្លាំងជំនាញផ្នែកពិនិត្យហេតុធ្វើការពិនិត្យសាកសពដោយហ្មត់ចត់សាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។ ការសន្និដ្ឋាន ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គគាំងបេះដូងដោយខ្លួនឯងពិតប្រាកដមែន។ ហើយបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់