ពោធិ៍សាត់ៈ លោកវរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ Post News ថា មានករណីឃាតកម្មមួយបានកើត បន្ទាប់ពីមានការប្រទះឃើញសាកសពបុរសម្នាក់ ត្រូវជនមិនស្គាល់មុខចាក់សម្លាប់ចំនួន១២កាំបិត រួចទម្លាក់សពចោលក្នុងទឹកទន្លេ រហូតហើមស្អុយទើបប្រជាពលរដ្ឋប្រទះឃើញប្រញាប់រាយការណ៍ជូនសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ និងប្រទះឃើញសាកសពកាលពីវេលម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងលិចអ្នកតារាំងបិតមាស ចម្ងាយប្រហែល១០០ម៉ែត្រ និងចំងាយពីភូមិទៅខាងជើង ឈាងខាងលិចប្រហែល៦០០ម៉ែត្រ ភូមិទី៥ ឃុំកំពង់
លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សាកសពជនរងគ្រោះខាងលើ មានឈ្មោះ ឡាំ យុាំងសូយ អាយុ១៩ឆ្នាំ ភេទប្រុស ជនជាតិវៀតណាម បានខ្ចីកាណូត សំប៉ានម៉ាសុីនសាំង របស់ឈ្មោះ ចក់ គឹមធី អាយុ១៨ឆ្នាំ ភេទប្រុស ជនជាតិវៀតណាម ស្នាក់នៅភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់បើកទៅលេងនៅមាត់ទន្លេខាងក្រៅចម្ងាយពីភូមិប្រហែល៦០០ម៉ែត្រ ហើយក៏បាត់ជនរងគ្រោះរហូតដល់ម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ទើបបងប្អូនជីដូនមួយឈ្មោះ ឡាំ យាំងទឹង អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិទី៥ ឃុំកំពង់លួង បានបើកកាណូតដើររក ក៏ប្រទះឃើញសាកសពជនរងគ្រោះអណ្តែតផ្កាប់មុខនៅចំណុចខាងលិចអ្នកតារាំងបិតមាស ចម្ងាយប្រហែល១០០ម៉ែត្រ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចតែម្តង។
ដោយនៅកន្លែងកើតហេតុ គេប្រទះឃើញទូកសំប៉ានម៉ាសុីនសាំង ចំនួន១គ្រឿង ទុរវីសចំនួន១ និងនាឡិការដៃ ១ បានបន្សល់ទុក។ ចំណែកសម្ភារៈ របស់ជនរងគ្រោះដែលបាត់បង់រួមមាន ខ្សែកផ្លាកទីនវៀតណាម ទម្ងន់៦ ជីកន្លះ ទូរសព្ទម៉ាក ខេមហ្វូនថាច់ ចំនួន១គ្រឿង។
ក្រោយការពិនិត្យសាកសព របស់គ្រូពេទ្យជំនាញខេត្ត កោសល្យវិច្ច័យខេត្តបានឲ្យដឹងថា ជនរងគ្រោះត្រូវបានជនសង្យ័យចាក់១២កាំបិត ក្នុងនោះនៅខាងមុខចំនួន១១កាំបិត និងខាងក្រោយ១កាំបិតចំបោះដៃផុតខាងស្តាំ។
បច្ចុប្បន្នសំណុំរឿងនេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ដើម្បីស្រាវជ្រាវរកមុខឃាតកយកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត៕













មតិយោបល់