សៀមរាបៈ លោកវរសេនីយ៍ទោ សុខ សុទ្ធាវុធ អធិការស្រុកជីក្រែង បានប្រាប់ Post News ថា មានករណីប្រទះឃើញសាកសពបុរសវ័យចំណាស់ម្នាក់ធ្វើអត្តឃាត ចងកសម្លាប់ដោយខ្លួនឯង ដោយចងនិងខ្សែលីឡុង លើធ្នឹមផ្ទះ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៥១នាទី រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅក្នុងផ្ទះរបស់ជនរងគ្រោះភូមិដងផ្អាវ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ជុំ ជី ភេទប្រុសអាយុ៥៤ឆ្នាំ រស់នៅផ្ទះ និងភូមិ ឃុំកើតហេតុខាងលើ។ ក្រោយពីទទួលបានព័ត៌មានក្រុមសមត្ថកិច្ចយើងបានចុះទៅត្រួតពិនិត្យនៅលើរាងកាយជនរងគ្រោះ ពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។
យោងតាមការបំភ្លឺរបស់ក្រុមគ្រួសារបានបញ្ជាក់ថាគាត់មានជម្ងឺទឹកនោមផ្អែមឈឺរ៉ាំរៃជាច្រើនខែ។
សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនឲ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់