ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់ ដែលឆក់ការបូបពីជនបរទេសកាលពី៣ថ្ងៃមុនបានម្នាក់ទៀតហើយ!

ភ្នំពេញៈ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតហើយ ដែលជាអ្នកឆក់យកការបូបពីជនបរទេស កាលពី៣ថ្ងៃមុន យកលុយ និងទូរសព្ទដៃ រួមនឹងកាតVISA ABAមួយសន្លឹក សរុបប្រាក់អស់ជិត៦០០ដុល្លារ រួមនិងបក្ខពួកនោះ ឥឡូវត្រូវប៉ូលិសខណ្ឌសែនសុខសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនបានហើយបន្ទាប់ពីធ្វើការស្រាវជ្រាវ។

ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៤៥នាទី ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប៉ូលីសនិយាយថា ជនសង្ស័យខាងលើនេះមានឈ្មោះ ផាន់ សារុណ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពដដែលបានបន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យរូបនេះបន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខសហការជាមួយ និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនបក្ខពួកគេចំនួន៥នាក់ជាបន្តបន្ទាប់ កាលពីថ្ងទី៣០ ខែសីហា ឆ្នាំ២០១៧ កន្លងទៅហើយ ក៏បន្តនីតិវិធីតាមស្រាវជ្រាវ ទើបឈានដល់ការឃាត់ខ្លួនជនដៃដល់រូបនេះបានបន្ថែមទៀត។

សូមរំលឹកថាកាលពីម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មានករណីក្រុមជនសង្ស័យ៣នាក់បានធ្វើសកម្មភាពឆក់ការបូបពីជនបរទេស យកលុយបានជិត៦០០ដុល្លាបានសម្រេច ហើយជិះគេចខ្លួនចូលមកដីឡូតិ៍មួយកន្លែង ដែលផ្ទះនោះជាផ្ទះទិញលក់អេតចាយ។

បុរសរងគ្រោះឈ្មោះ Matthias Lendi ភេទប្រុស អាយុ៤០ឆ្នាំ ជាជនជាតិញ៉ូហ្សីលែន ជាអ្នកទេសចរណ៍។

ប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូកង់បីមានគ្នា៥នាក់ រួមមានស្ត្រី៣តាមបណ្តោយផ្លូវ២០០៤ ខណៈមកដល់ចំណុចខាងលើស្រាប់តែមានជនសង្ស័យមួយក្រុមមកពីក្រោយធ្វើសកម្មភាពឆក់កាបូបពណ៌ខ្មៅ ដែលប្រពន្ធគាត់ដាក់ពីមុខបានសម្រេចតែម្តង ហើយក្រោយពីធ្វើសកម្មភាពឆក់កាបូបបានភ្លាមៗគាត់ជា(ជនរងគ្រោះ)បានជិះម៉ូតូឌុបដេញតាមពីក្រោយដោយបើកGPSតាមពីក្រោយរហូតមកដល់ចំណុចដីឡូតិ៍មួយកន្លែងនៅភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក៏បានតាមទាន់ជនសង្ស័យខាងលើ ដោយឃើញពួកគេមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿងដោយម៉ូតូមួយ ម៉ាកឌ្រីមសង់ និង១គ្រឿងម៉ាកនិច ពណ៌ក្រហមខ្មៅ ចូលឃ្លាំងខាងលើបាត់។

ប្រភពដដែលបានប្រាប់ទៀតថាខណៈដេញមកទាន់នៅឃ្លាំងខាងលើ ស្រាប់តែជនសង្ស័យទាំង៣នាក់បានចេញពីឃ្លាំងវិញវ៉ាក់អឺនិងជនរងគ្រោះមកដល់ និងនាំគ្នាប្រុងវាយតដៃទៅលើជនរងគ្រោះវិញរួចក៏នាំគ្នាជិះម៉ូតូគេចម្តងទៀតបាត់អស់ទៅ។ ប៉ុន្តែក្រោយជនទាំងបីចេញផុតគាត់បានឆែកទូរសព្ទតាមGPSម្តងទៀត ស្រាប់តែលែងឃើញលោតGPSជនរងគ្រោះក៏ប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យមកធ្វើការត្រួតពិនិត្យទីតាំងខាងលើ។

តាមការបញ្ជាក់របស់ជនរងគ្រោះបានប្រាប់ថានៅក្នុងកាបូបដែលបាត់មានទូរសព្ទដៃម៉ាកអាយហ្វូនសិច១គ្រឿង លុយ៤០០ដុល្លារ និងVISA ABAមួយសន្លឹក សរុបជាប្រាក់អស់ជិត៦០០ដុល្លា។

បច្ចុប្បន្នក្រុមជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកា៕

មតិយោបល់