ភ្នំពេញៈ រថយន្ត១គ្រឿងបានបុកជាមួយនឹងម៉ូតូ ខណៈពេលបុរសម្នាក់កំពុងជិះម៉ូតូឆ្លងផ្លូវ បណ្តាលឲ្យបុរសជាអ្នកបើកបរម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកC125 ពណ៌ខ្មៅ ស៊េរី២០១៤ពាក់ស្លាកលេខ ភ្នំពេញ 1CU-5449 ធ្វើដំណើរពីកើតទៅលិច បម្រុងនិងបត់ឆ្លងផ្លូវនៅចំណុចកើតហេតុខាងលើ ខណៈនោះ ក៏មានរថយន្ត១គ្រឿងម៉ាកហាយប្រ៊ីដ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2S-9978 បើកបរពីទិសដៅពីត្បូងទៅជើង បានមកបុកបុរសជិះម៉ូតូចំពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់។
ប្រភពដដែលពីសមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះខាងលើមានឈ្មោះ ជា ធារុំរុងបូរ៉ា អាយុ៣៩ឆ្នាំ។ ចំណែកអ្នកបើកបររថយន្តខាងលើមានឈ្មោះ វីឆាយ ហាក់ អាយុ២០ឆ្នាំ។ ពេលកើតហេតុរួច បុរសជាជនរងគ្រោះត្រូវបានបញ្ជូនតាមរថយន្តសាមុយ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសម្រាកព្យាបាលជម្ងឺ
ក្រោយពេលកើតហេតុសមត្ថកិច្ច ក៏បានចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុ ហើយក៏យករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕
https://youtu.be/EiNlhaORlE4
មតិយោបល់