ព័ត៌មានជាតិ

TUNDRA បើកឆ្លងផ្លូវម៉ូតូជិះលឿនជ្រុលបុកពេញទំហឹង រងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបុរសម្នាក់ជិះម៉ូតូលឿន វាក់អឺហ្រ្វាំងមិនជាប់ជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះភ្លាមៗ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង ៨និង០០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក TUNDRA មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AW-0677 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត ហើយបត់ឆ្វេងឆ្លងផ្លូវពីត្បូងទៅជើង បានពាក់កណ្តាលផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ស៊េរី២០២២ ពណ៌ខ្មៅពាក់ ស្លាកលេខ ភ្នំពេញ 1JF-7966 បើកបរដោយបុរសម្នាក់ដូចគ្នា ក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យវ៉ាក់អឺជាន់ហ្វ្រាំងមិនទាន់បានជ្រុលទៅបុករថយន្តពេញទំហឹង បណ្ដាលឲ្យខ្ទាតបោកផ្ទប់និងកញ្ចក់រងរបួសធ្ងន់ ភ្លាមៗនោះត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញនាំគ្នាជួយសង្គ្រោះបឋម និងទាក់ទងហៅរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះភ្លាមៗ។
ចំណែកម៉ូតូរងការខូចខាតខ្ទេចផ្នែកខាងមុខ រីឯរថយន្តវិញរងការខូចខាតធ្ងន់ក្រពឹតត្រង់ទ្វារផ្នែកជំហៀងខាងស្តាំ បន្ទាប់មកខាងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ហើយបានបាញ់ថ្នាំ និងលើកម៉ូតូទៅដាក់អែបខាងដើម្បីសំរួលចរាចរណ៍។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចផ្នែកជំនាញការិយាល័យចរាចរណ៍កំបូល ចុះទៅធ្វើការវាស់វែងយកម៉ូតូរងគ្រោះ និងរថយន្តបង្កទៅរក្សារង់ចាំការដោះស្រាយបន្ត៕

មតិយោបល់