កូរ៉េៈ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង កាលពីថ្ងៃសុក្រ បានរាយការណ៍ថា អាមេរិក និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នា ក្នុងការបង្កើនសមត្ថភាពមីស៊ីលរបស់កូរ៉េខាងត្បូង ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃ០២ ខែកញ្ញា ឆ្នាំ២០១៧។
កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើទ្បើងគ្រាន់តែប៉ុន្មានថ្ងៃ បន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង ហោះរំលងប្រទេសជប៉ុន រួមជាមួយនឹងការគំរាមបាញ់វាបន្ថែមទៀត ទៅកាន់តំបន់ប៉ាស៊ីហ្វិក។
សូមជំរាបថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបាញ់មីស៊ីល Hwasong-12 ហោះរំលងប្រទេសជប៉ុន កាលពីថ្ងៃអង្គារ បន្ទាប់ពីអាមេរិក និងកូរ៉េខាងត្បូង បានសំញែងសាច់ដុំ ជាមួយនឹងការធ្វើសមយុទ្ធយោធារួមគា្នប្រចាំឆ្នាំ ឈ្មោះថា UFG ដោយការទម្លាក់គ្រាប់បែកពិត នៅលើឧបទ្វីបកូរ៉េ ដែលកូរ៉េខាងជើង បានថ្កោលទោស និងហៅវាថា ជាទង្វើបង្កហេតុមួយ។
ក្នុងអំទ្បុងកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃសុក្រ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីមេដឹកនាំកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានព្រមព្រៀងគ្នាលើកកម្ពស់សក្ដានុពលនៃសម្ព័ន្ធមិត្តខ្លួន ដើម្បីប្រឆាំងនឹងកូរ៉េខាងជើង ដោយការបង្កើនសមត្ថភាពមីស៊ីលរបស់កូរ៉េខាងត្បូង៕
មតិយោបល់