ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ រួមទាំងមានជំងឺប្រចាំកាយផងនោះ ត្រូវបានក្រុមគ្រួសារដឹកពីខេត្តកំពង់ចាម មករាជធានីភ្នំពេញ ដើម្បីយកទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ ខណៈដែលធ្វើដំណើរមកដល់ចំណុចមុខសាលា តិចណូ ក៏បានស្លាប់បាត់បង់ជីវិតតែម្តង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង២០នាទីព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ ដែលស្ថិតនៅមុខចំណុចសាលា តិចណូ តាមបណ្តោយផ្លូវសហព័ន្ធរុង្សី ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ លូយ សុខផាត ភេទប្រុស អាយុ ៦៤ឆ្នាំ មុខរបរ កសិករ មានស្រុកកំណើតនៅភូមិត្រពាំងងាំង ឃុំព្រះធាតុ ស្រុកអូររាំឪ ខេត្តកំពង់ចាម។
បើតាមសម្តីពីប្អូនឈ្មោះ បាទ មឿន បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានហៅរថយន្តឈ្មួល ដើម្បីជិះចេញពីខេត្តកំពង់ចាម ក្នុងគោលបំណងយកបងប្រុសរបស់គាត់ទៅព្យាបាលនៅឯមន្ទីរពេទ្យ ព្រះកុសមៈ ដែលហៅកាត់ថា (មន្ទីរលោកសង្ឃ) ខណៈដែលកំពុងធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី ដល់មុខចំណុចសាលា តិចណូ រថយន្តឈ្មួលក៏បានដាក់ពួកគាត់ចុះ ដោយសារតែឃើញស្ថានភាពមិនសូវស្រួល។ ក្រោយពីដាក់ពួកគាត់ចុះពីលើរថយន្តរួចមក រថយន្តឈ្មួលក៏បានបើកចេញទៅបាត់។ ស្រាប់តែមួយសន្ទុះក្រោយមក ជនរងគ្រោះខាងលើបានធ្វើទុក្ខយ៉ាងខ្លាំង បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងពិនិត្យមើលរួច បានហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ កុមារជាតិ ដឹកសពខាងលើយកទៅដាក់តម្កល់ទុកនៅមន្ទីរពេទ្យ រុស្សី ដើម្បីធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
មតិយោបល់