ភ្នំពេញៈ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ក្រោយពេលពួកគេធ្វើសកម្មភាពឆក់កាបូបមិន បានសម្រេច នៅមុខចំណុចកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីវេលាម៉ោង ៨និង៥០នាទីព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលនៅចំណុចផ្លូវលេខ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យទាំង ២នាក់ខាងលើ ទី១-ឈ្មោះ ឈឹន ព្រឹប ហៅថា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅម្តុំវត្តនាគវ័ន្ត សង្កាត់បឹងកក់១ ខណ្ឌទួលគោក និងទី២-ឈ្មោះ សូ កក្កដា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកឯជនរងគ្រោះទាំង ២នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាទេ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើនេះ ពួកគេបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះទាំង ២នាក់មិនបានសម្រេច ហើយថែមទាំងរកមកវ៉ៃ ជនរងគ្រោះទៀតផង។ ភ្លាមៗនោះ ក៏ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌ និងប៉ុស្តិ៍ ល្បាតតាមផ្លូវនោះ ក៏ធ្វើការជិះដេញតាមរហូតឈានដល់ការឃាត់ខ្លួនបាន ជនសង្ស័យទាំង ២នាក់ ព្រមទាំងបានដកហូត សោរកាច់កម៉ូតូចំនួនមួយ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងម៉ូតូ មួយគ្រឿង ម៉ាក Smash Revo ពណ៌ខ្មៅ គ្មានលេខ ហើយកម្លាំងសមត្ថកិច្ចយើងបាននាំខ្លួនមកកាន់ប៉ុស្តិ៍បឹងកក់១ ដើម្បីសួរនាំ។
ក្រោយពីធ្វើការសួរនាំជនសង្ស័យខាងលើរួចមក ពួកគេបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព ឆ្មក់កាបូបស្ពាយពីជនរងគ្រោះពិតប្រាកដមែន ហើយរូបខ្លួនធ្លាប់ជាប់ពន្ធធានាគារយៈពេល ២ឆ្នាំ ពីបទ ឆ្មក់កាបូបមិនបានសម្រេចនៅក្នុងខណ្ឌទួលគោក។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕
មតិយោបល់