ព័ត៌មានជាតិ

Update៖ កំពុងតែធ្វើសកម្មភាពលួចម៉ូតូ ម្ចាស់ទាន់ដកកាំភ្លើងភ្ជង់ ត្រូវសម្ថកិច្ចបង្ក្រាបបានម្នាក់

ភ្នំពេញៈ ជនសង្ស័យជាមុខសញ្ញាប្លន់ប្រដាប់អាវុធយ៉ាងសកម្មម្នាក់ ក្នុងចំណោមបក្សពួកមានគ្នាពីរនាក់ ត្រូវបានកម្លាំងមានសម្ថកិច្ចធ្វើការបង្រា្កប និងដកហូតបានអាវុធខ្លីម៉ាក K59 មួយដើមផងដែរ ខណៈដែលរូបគេ និងបក្សពួកម្នាក់ទៀត កំពុងតែធ្វើសកម្មភាពលួចយកម៉ូតូម៉ាក C125 ស៊េរីឆ្នាំ ២០១៦ មួយគ្រឿង ហើយម្ចាស់គេឃើញទាន់ និងដកកាំភ្លើងភ្ជង់នោះ។

ហេតុការណ៍នេះ ដែរបានកើតឡើងកាលពីវេលាម៉ោង ៣ និង ៣០នាទីរសៀល ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៧ នៅចំណុចមុខផ្ទះលក់គ្រឿងសង្ហារឹមមួយកន្លែង ដែលស្ថិតនៅលើផ្លូវលេខ ៣៧១ (ក្បែរស្ថានីយ៍បូបទឹក) ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់ បានប្រាប់ឱ្យដឹងថា បុរសជាជនសង្ស័យ ដែលបានឃាត់ខ្លួនឈ្មោះ ចាន់ សុខ អាយុ ២៥ឆ្នាំ ចំណេកឯបុរសរងគ្រោះមានឈ្មោះ តក់ វណ្ណា អាយុ ២៦ឆ្នាំ មុខរបរបើកឡាន រោងចក្រ មានទីលំនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

ម៉ូតូដែលក្រុមចោរធ្វើសកម្មភាពប្លន់ មិនបានសម្រេចនោះ គឺម៉ាក ហុងដា C125 ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១FW-៨៤៦៤ មួយគ្រឿង។ មុនពេលកើតហេតុ ឆ្លៀតពេលថ្ងៃសម្រាកពីការងារក្នុងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនោះ បុរសជាជនរងគ្រោះ ក៏បានចេញពីផ្ទះទៅរត់ម៉ូតូឌុប ហើយក៏ត្រូវបានម្ចាស់ផ្ទះលក់គ្រឿងសង្ហាររឹមខាងលើ បានហៅគាត់ឱ្យទៅជួយរើអីវ៉ាន់ ដោយបានទុកម៉ូតូនៅខាងមុខផ្ទះនោះ ក៏ស្រាប់តែមានជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកមានគ្នាពីរនាក់ បានមកធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួន។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលនោះបុរសជាម្ចាស់ ក៏បានឃើញទាន់ និងលោតទៅធាក់ផ្តួល ហើយក៏ត្រូវជនសង្ស័យម្នាក់នោះ ដកអាវុធខ្លីម៉ាក K59 មួយដើមពីចង្កេះភ្ជង់ ស្របពេលនោះ ក៏មានមន្ត្រីនគរបាលម្នាក់ ធ្វើដំណើរឆ្លងកាត់បានឃើញ ក៏ដកអាវុធខ្លីរបស់គាត់ភ្ជង់ និងចាប់បានម្នាក់ ចំណែកបក្សពួករបស់គេម្នាក់ទៀត ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ បុរសជាមុខសញ្ញាចោរប្លន់ខាងលើ រួមទាំងអាវុធខ្លីម៉ាក K59 មួយដើម ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់នគរបាលប៉ុស្តិ៍បឹងទំពុន ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវរកចាប់ខ្លួនបក្ខពួកគេម្នាក់ទៀត យកមកចាត់ការទៅតាមផ្លូវច្បាប់៕

https://youtu.be/IMtxEKkUjXs

មតិយោបល់