កណ្តាលៈ ចោរជំនាញខាងលូកហោប៉ៅ ជាស្ត្រី២នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅធ្វើការឃាត់ខ្លួន ខណៈដែលមុខសញ្ញាជាចោរជំនាញខាងលូកហោប៉ៅទាំងនេះ បានធ្វើសកម្មភាពលួចយកលុយនិងទូរសព្ទរបស់ជនរងគ្រោះ ហើយបានហុចទៅឲ្យបក្ខពួកដើរចេញបានប្រហែល២០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្សារតាខ្មៅចាស់ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ។ ជនល្មើសទី១-ឈ្មោះ គីម ស្រីម៉ៅ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មុខរបរ មិនពិតប្រាកដ , ជនសង្ស័យទី២ឈ្មោះ អឿន សម័យ ភេទស្រី អាយុ៣៥ឆ្នាំមានស្រុកកំណើត នៅភូមិជើងទឹក ស្រុកស្វាយអន្ទរខេត្ត ព្រៃវែង បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មុខរបរ មិនពិតប្រាកដ។
វត្ថុតាងចាប់យកបានរួមមាន ប្រាក់រៀលចំនួន១៥៦,១០០រៀល ,ទូរសព្ទដៃចំនួន២គ្រឿង ម៉ាកSAMSUNG ពណ៌ស របស់ជនរងគ្រោះ និងម៉ាក true ពណ៌ខ្មៅរបស់ជនល្មើស ,កូនកាបូបស្ពាយចំនួន២ រួមមានពណ៌ក្រហម១ និងពណ៌ឈាមជ្រូក១ របស់ជនល្មើស។
លោកអធិការបាននបញ្ជាក់ថា នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងតែអង្គុយទិញអាវជជុះដោយដាក់លុយ និងទូរសព្ទនៅក្នុងហោប៉ៅអាវក្រៅពេលនោះ ស្រាប់តែជនល្មើសទាំង២នាក់បានបន្លំទៅអង្គុយក្បែររកទិញអាវដែរហើយ
ឆ្លៀតពេលជនរងគ្រោះកំពុងតែរវល់រើសអាវជនល្មើសឈ្មោះ គីម ស្រីម៉ៅ បានធ្វើសកម្មភាពលួចយកលុយ និងទូរសព្ទរបស់ជនរងគ្រោះ ហើយបានហុចទៅឲ្យបក្ខពួកឈ្មោះ អឿន សម័យ ដើរចេញបានប្រហែល២០ម៉ែត្រក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្តង។ រីឯជនរងគ្រោះមិនបានដឹងថាមានចោរលូកហោប៉ៅអាវរបស់ខ្លួនទេបានចាកចេញទៅបាត់រកមិនឃើញឡើយ។
នៅចំពោះមុខសមត្ថកិច្ចជនល្មើសទាំង២នាក់បានឆ្លើយសារភាពថា ខ្លួននិងបក្សពួកធ្លាប់បានធ្វើសកម្មភាពលួចលូកហោប៉ៅគេចំនួន៥ដងមកហើយគឺនៅតាខ្មៅ២ដង និងនៅភ្នំពេញចំនួន៣ដង ដោយលើកចុងក្រោយនៅតាខ្មៅ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង៕




មតិយោបល់