ព័ត៌មានជាតិ

រថយន្តដឹកអ្នកដំណើរក្រុមហ៊ុន ថោងស៊ីន បោលទៅបុកគូថរថយន្តដឹកដំឡូង បន្តទៅបុករថយន្តមួយគ្រឿងទៀតពេញទំហឹង បណ្តាលឲ្យមនុស្សជាច្រើននាក់របួស!

បាត់ដំបង: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រន្ធត់មួយបានកើតឡើង ដោយរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន ថោងស៊ីន មួយគ្រឿងបើកមិនប្រយត្ន័ទៅបុកគូថរថយន្តដឹកដំឡូងពេញទំហឹង រួចបន្តទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យមនុស្ស៣នាក់រងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី យប់ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧​ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចក្រុមទី១៥ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

មុនពេលកើតហេតុ គេបានឃើញរថយន្តក្រុងក្រុមហ៊ុនថោងស៊ីន ម៉ាកហៃផ្លាស់ ស៊េរី០៥ ពណ៌សលាយផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 3D-0932 បើកបរដោយឈ្មោះ តាន់ ណាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ក្នុងទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវខាងលើ លុះដល់ចំណុចកើតហេតុ រថយន្តក្រុមហ៊ុនថោងស៊ីន នេះបានរេចង្កូតទៅបុកគូថរថយន្តម៉ាកហីុយ៉ាន់ដាយដឹកដំឡូង ម៉ាកហីុយ៉ាន់ដាយ ស៊េរីឆ្នាំ៩៣ ពណ៌ស ពាក់ស្លាកលេខ ក. ៥៣៥៨ បើកបរដោយឈ្មោះ ស្វាយ សុភាព ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅបច្ចុប្បន្នភូមិថ្មី ឃុំកោះក្រឡរ ស្រុកកោះក្រឡរ ខេត្តបាត់ដំបង ចំពីក្រោយយ៉ាងពេញទំហឹង ខណ:ដែលកំពុងបើកបរស្របទិសគ្នា​ រួចបន្តទៅបុករថយន្តមួយគ្រឿងទៀតម៉ាក ហីុយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 4A-0393 ដែលកំពុងបើកបរដោយឈ្មោះ កន គឿន ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅភូមិត្រពាំងសុភី ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺបន្ថែមទៀត។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តបាត់ដំបង ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។

មតិយោបល់