ព័ត៌មានជាតិ

សមត្ថកិច្ចបង្ហាញមុខជនសង្ស័យជាឃាតកដែលសម្លាប់កូនស្រីបង្កើត និងឪពុកក្មេករបស់ខ្លួន!

ភ្នំពេញៈ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជាសាធារណៈជន នូវមុខជនសង្ស័យជាឃាតករដែលបានធ្វើសកម្មភាពយកខ្សែភ្លើងចងរឹតកកូនស្រីបង្កើតខ្លួនឯងបណ្តាលឲ្យស្លាប់ ហើយបានឈានទៅដល់ការសម្លាប់ឪពុកក្មេករបស់ខ្លួននៅឯខេត្តស្វាយរៀង។

ជនសង្ស័យជាឃាតកមានឈ្មោះ អង សំណាង ហៅខ្មៅ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទៀប ខេត្តស្វាយរៀង។ ចំណែកឯជនរងគ្រោះទាំង ២នាក់ដែលជាត្រូវឃាតកសម្លាប់នោះ ទី១-ឈ្មោះ ពេជ ចរិយា ភេទស្រី អាយុ ២ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនសង្ស័យ មានទីលំនៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទៀប ខេត្តស្វាយរៀង និងទី២-ឈ្មោះ ពេជ ជឿ ភេទប្រុស អាយុ ៥៧ឆ្នាំ ត្រូវជាឪពុកក្មេករបស់ជនសង្ស័យ មានទីលំនៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទៀប ខេត្តស្វាយរៀង។

លោកវរៈសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១២និង៣០នាទី ជនសង្ស័យបានពឹងឲ្យម្តាយក្មេកជួយកោសខ្យល់នៅលើគ្រែក្រោមផ្ទះ ស្រាប់តែពេលកំពុងតែកោសខ្យល់នោះ ជនសង្ស័យខាងលើ ក៏មានអារម្មណ៍ចង់រួមរ័ក្ស ហើយជនសង្ស័យក៏បានយកដៃទៅស្ទាបកំប៉េះគូថម្តាយក្មេក ខណៈពេលដែលកំពុងស្ទាបនោះ ម្តាយក្មេកក៏ភ្ញាក់ ហើយស្រែកឆោឡោ ពេលនោះ ជនសង្ស័យខាងលើក៏បានយកដៃទៅច្របាច់ករបស់ម្តាយក្មេក នៅពេលដែលកំពុងតែច្របាច់ក ស្រាប់តែមានអ្នកជិតខាងដើរចូលមកដល់ រួចក៏បែកការដឹងដល់ប្រពន្ធជនសង្ស័យ។

លុះព្រឹកឡើងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ៧និង០០នាទីព្រឹក ប្រពន្ធរបស់ជនសង្ស័យ បាននាំគ្នាទៅសាលាឃុំរមាំងថ្កើល ដើម្បីប្តឹងសុំលែងលះគ្នា ខណៈពេលនោះ ជនសង្ស័យខាងលើមិនចង់លែងលះទេ ដោយគ្មានជំរើស ទើបខ្លួនក៏យល់ព្រមផ្តិតមេដៃលែងលះគ្នា ដោយជនសង្ស័យបានទាមទារយកកូនស្រីមកចិញ្ចឹម ហើយប្រពន្ធរបស់ខ្លួនក៏យល់ព្រម។ នៅវេលាម៉ោងប្រហែលជា ១១និង០០នាទីព្រឹកថ្ងៃដដែល ជនសង្ស័យបាននាំកូនស្រីមកស្នាក់នៅជាមួយឪពុកម្តាយបង្កើតនៅបន្ទប់ជួលលេខ១០៨ ផ្លូវបេតុង ក្រុម២ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក អេង សោភា បានបន្តទៀតថា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ជនសង្ស័យដែលឃាតកនោះ បានធ្វើដំណើរទៅបេនឡានឈ្មួល ក្នុងគោលបំណងជិះរថយន្តទៅខេត្តស្វាយរៀង ដើម្បីសុំប្រពន្ធរបស់ខ្លួនរួមរស់នៅជាមួយគ្នាវិញ ខណៈពេលដែលសុំប្រពន្ធនោះ ស្រាប់តែម្តាយក្មេក និងបងប្អូនខាងប្រពន្ធមិនយល់ព្រម ហើយក៏បានដេញជនសង្ស័យឲ្យចេញ និងឈប់មកជាន់ផ្ទះរបស់គាត់ទៀត។ ភ្លាមៗនោះ ជនសង្ស័យខាងលើ ក៏បានធ្វើដំណើរជិះរថយន្តឈ្មួលពីខេត្តស្វាយរៀង ត្រឡប់មកភ្នំពេញវិញ។

លុះដល់ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ៩និង៣០នាទី ជនសង្ស័យក៏បានរៀបចំគម្រោងសម្លាប់កូនស្រីបង្កើតរបស់ខ្លួន ដោយពេលកំពុងតែរៀបគម្រោងនោះ ស្រាប់តែឪពុកម្តាយបង្កើតរបស់ជនសង្ស័យមិននៅផ្ទះ ហើយមានឱកាសល្អទៀតនោះ ជនសង្ស័យក៏បានយកខ្សែភ្លើងចងជារង្វង់ ដើម្បីទាក់កពេលកូនស្រីរបស់ខ្លួនអង្គុយមើលទូរទស្សន៍ ខណៈពេលដែលកូនស្រីរបស់ខ្លួនកំពុងតែមើលទូរទស្សន៍នោះ ជនសង្ស័យក៏យកខ្សែភ្លើងទៅទាក់កកូនស្រីរបស់ខ្លួន ហើយទាញកន្ត្រាក់មួយទំហឹងចងភ្ជាប់និងចម្រឹងបង្អួចបណ្តាលឲ្យកូនស្រីខ្លួនដាច់ខ្យល់ស្លាប់តែម្តង។

ក្រោយពីជនសង្ស័យធ្វើសកម្មភាពសម្លាប់កូនស្រីរបស់ខ្លួនរួចមក រូបគេក៏បានស្រាយយកខ្សែភ្លើងនោះមកចងកសម្លាប់ខ្លួនឯង តែដោយសារតែតឹងកខ្លាំងពេក ទើបខ្លួនបានរើបម្រាសបណ្តាលឲ្យដាច់ខ្សែធ្លាក់មកដី ហើយខ្លួនក៏លែងមានចិត្តចង់សម្លាប់ខ្លួនទៀត ក៏នឹកចង់សងសឹកគ្រួសារម្តាយក្មេករបស់ខ្លួនវិញ។ រហូតដល់វេលម៉ោង ១០និង០០នាទីព្រឹក ថ្ងៃដដែល ជនសង្ស័យក៏បានធ្វើដំណើរជិះរថយន្តឈ្មួលទៅកាន់ខេត្តស្វាយរៀង ពេលទៅដល់ខេត្ត ជនសង្ស័យបានទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ហើយខ្លួនក៏បានដើរឡើងទៅបន្ទប់ដែលឪពុកក្មេករបស់ខ្លួនកំពុងតែសម្រាកព្យាបាល។ ខណៈពេលទៅដល់បន្ទប់ រូបខ្លួនបាននិយាយប្រាប់រឿង ដែលខ្លួន និងម្តាយក្មេកឈ្លោះគ្នាឲ្យឪពុកក្មេករបស់ខ្លួនបានដឹង ហើយខ្លួនក៏បាននិយាយប្រាប់ទៀតថា ខ្លួនមកទីនេះ គឺចង់សម្លាប់ម្តាយក្មេក ភ្លាមៗនោះ ឪពុកក្មេករបស់ខ្លួនហាមមិនឲ្យនិយាយបន្តទេ កុំឲ្យខ្មាស់គេ និងបានឲ្យខ្លួនជួយជូនគាត់ទៅបន្ទប់ទឹកបត់ជើង ពេលនោះ ខ្លួនបានគិតក្នុងចិត្តថា បើមិនបានសម្លាប់ម្តាយក្មេក ចឹងមានតែសម្លាប់ឪពុកក្មេកចោល ដើម្បីឲ្យគាត់ព្រាត់ប្រាស់គ្នាវិញម្តង ដោយពេលនោះ ឃើញមានឱកាសល្អ រូបខ្លួនក៏បានធ្វើសកម្មភាពច្របាច់កឪពុកក្មេក រួចចាប់ជ្រមុជក្បាលចូលទៅក្នុងទឹក រហូតដល់ដាច់ខ្យល់ស្លាប់តែម្តង។

ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យខាងលើក៏បានដើរចេញពីមន្ទីរពេទ្យបង្អែក ក្នុងគោលបំណងជិះរថយន្តឈ្មួលត្រឡប់ទៅភ្នំពេញវិញ។ លុះដល់វេលាម៉ោង ៥និង៥០នាទីល្ងាច ជនសង្ស័យខាងលើ ក៏បានបន្តដំណើរដោយជិះរថយន្តឈ្មួលពីភ្នំពេញទៅស្រុកកំណើតនៅឯខេត្តកំពង ខណៈពេលធ្វើដំណើរមកដល់ចម្ងាយប្រហែល ៧គីឡូម៉ែត្រពីភូមិកំណើត រូបខ្លួនក៏បានចុះពីលើរថយន្តឈ្មួល រួចក៏បានដើរទៅដេកនៅក្នុងព្រៃ។

លុះដល់ព្រឹកថ្ងៃទី៣ ខែឆ្នាំដដែល វេលាម៉ោង ៦និង៣០នាទី ជនសង្ស័យខាងលើក៏បានដើរចេញពីព្រៃ ក្នុងគោលបំណងទៅផ្ទះពូរបស់ខ្លួនឈ្មោះ ចក់ នៅក្នុងភូមិដើម្បីហូបបាយ ភ្លាមៗនោះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានតែម្តង។

បើតាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់កូនស្រីបង្កើត និងឪពុកក្មេករបស់ខ្លួនពិតប្រាកដមែន។

ក្រោយពីធ្វើការបង្ហាញមុខជនសង្ស័យខាងលើរួចមក កម្លាំងសមត្ថកិច្ចយើងបានធ្វើការបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

https://youtu.be/nFLDpkDocj0

មតិយោបល់