ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនខ្លួនបុរស ដែលសម្លាប់កូនស្រី និងឪពុកក្មេក ទៅតុលាការ

ភ្នំពេញៈ ក្រោយពីបានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹកមិញនៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧នេះ សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យដែលបាន រឹតក កូនស្រីសម្លាប់ និងសម្លាប់ឪពុកក្មេក ទៅតុលាការដើម្បីចាត់ការតាមនីតិវិធីហើយ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចជនសង្ស័យឈ្មោះ អេង សំណាង ភេទប្រុសអាយុ២៦ឆ្នាំ រស់នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ សំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

គួររំលឹកថា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ ជនសង្ស័យបានសម្លាប់កូនស្រីរបស់ខ្លួន ឈ្មោះ សំណាង ចរិយា អាយុ៣ឆ្នាំ ដោយរឹតកនឹងខ្សែភ្លើង នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ សំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយសម្លាប់កូនស្រីរួច នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ ជនសង្ស័យបានរត់គេចខ្លួនទៅខេត្តស្វាយរៀង បន្ដសម្លាប់ឪពុកក្មេកម្នាក់ទៀត ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ដោយច្របាច់កនៅក្នុងបន្ទប់ទឹក។

ដើមចមនៃអំពើឃាតកដ៏សាហាវនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ពីដើមហេតុថាកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧កន្លងទៅជនសង្ស័យ បានចាប់រំលោភម្តាយក្មេក និងព្យាយាមច្របាច់កសម្លាប់ចោល ប៉ុន្តែជនរងគ្រោះរត់ឲ្យអ្នកជិតខាងជួយទាន់ពេល។

ក្រោយរំលោភម្តាយក្មេករួច ជនសង្ស័យ បានគំរាមថា បើហ៊ានប្តឹងសមត្ថកិច្ច រូបគេនឹងសម្លាប់មួយពូជតែម្ដងនៅខេត្តស្វាយរៀង។

លុះនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ប្រពន្ធរបស់ជនសង្ស័យ បានសុំលែងលះ ដោយសារដឹងមូលហេតុថា ប្តីបានរំលោភម្តាយបង្កើតរបស់ខ្លួន ទើបជនសង្ស័យបានយកកូនស្រីអាយុ៣ឆ្នាំ ទៅភ្នំពេញជាមួយខ្លួន និងសម្លាប់ចោលតែម្តង។

សមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញបានសហការជាមួយនគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យកាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ម្សិលមិញ នៅស្រុកកំណើតនៅភូមិទួលអាទិន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕

https://youtu.be/d4RhrsZJiKE

មតិយោបល់