Post News Media ព័ត៌មានជាតិ រន្ធត់ណាស់! ប...

រន្ធត់ណាស់! បុរសម្នាក់ជួបគ្រោះអកុសល ត្រូវស្លាក​ពុះ​ដី​ឡូត៍​លក់​រលំធ្លាក់ចំ ​ពេលកំពុង​ជិះម៉ូតូ​ បណ្ដាលឲ្យ​ស្លាប់​នៅមន្ទីរពេទ្យ

ព្រះសីហនុ: ករណីគ្រោះថ្នាក់មួយ បានកើតឡើង​ដោយបុរស​ម្នាក់ កំពុង​ជិះ​ម៉ូតូសុខៗ ស្រាប់តែខ្យល់​បក់​រលំ​ស្លាក​ពុះ​ដី​ឡូត៍​លក់​ធ្លាក់ចំ បណ្ដាលឲ្យរបួសធ្ងន់ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះ កើតទ្បើងនៅព្រឹក​ថ្ងៃទី​១៤ ខែ​កក្កដា​​​​ ឆ្នាំ​២០១៨​ នៅលើផ្លូវ​ជាតិ​លេខ​៤​ ម្តុំ​ចំណោត​អូរត្រាវ​ក្រុម​ទី​១៧​ ភូមិ​១​ សង្កាត់​លេខ​១​ ក្រុង​ឬខេត្ត​ព្រះសីហនុ​។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​ មិញ​ បូរ៉េត​ ភេទ​ ប្រុស​ អាយុ​ ៥៦ឆ្នាំ​ មុខរបរ​កម្មករ​ រោងចក្រ​ស្រាបៀរ​អង្គរ មានទីលំនៅ​ភូមិ​ពូធឿង​ ឃុំ​បិតត្រាង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ បានជិះម៉ូតូ​ម៉ាក​ HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ​ព្រះសីហនុ ​1-8387 ​ មានទិសដៅ​ចេញ​ពី​រោងចក្រ​ស្រាបៀរ​អង្គរ​ ឆ្ពោះ​ទៅ​ផ្ទះ​ នៅ​ភូមិ​ពូធឿង​ លុះដល់ចំណុចខាងលើ​ ក៏ត្រូវ​ស្លាក​ពុះ​ដី​លក់ ​ ដែលត្រូវខ្យល់​បក់រលំ​ធ្លាក់​ចំ​ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ត្រូវបានសមត្ថកិច្ច ​ហៅ​រថយន្ត​សង្គ្រោះ​បញ្ជូន​ទៅកាន់​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ​ តែដោយសារជនរងគ្រោះរបួស​ធ្ងន់​ពេក​ ក៏​បញ្ជូនបន្ត​មក​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ចុងក្រោយក៏បាន​ស្លាប់ ​នៅ​ក្នុង​មន្ទីរពេទ្យ​តែម្ដង៕

Loading...