ព័ត៌មានបច្ចេកវិទ្យា

Huawei បើកបង្ហាញបន្ទះឈីបស្មាតហ្វូនគាំទ្របច្ចេកវិទ្យា AI ដំបូងបង្អស់ នៅពិព័រណ៍ IFA 2017

ប៊ែលឡាំង ថ្ងៃទី ២ កញ្ញា ២០១៧: Huawei Consumer Business Group ក្រុមហ៊ុនស្មាតហ្វូនឈានមុនលំដាប់ពិភពលោក និងជាម្ចាស់តំណែង លេខ១ លើប្រាក់ចំណេញពីប្រព័ន្ធប្រតិបត្តិការណ៍ Android បានប្រកាសចេញជាផ្លូវការនូវបន្ទះឈីបស៊េរីថ្មី Kirin 970 ដែលអាចទ្រទ្រង់បច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) សម្រាប់ទូរសព្ទចល័តស៊េរីថ្មីបំផុត គឺ Huawei Mate 10 និង Mate 10 Pro ក្នុងកម្មវិធីតាំងពិព័រណ៍ផលិតផលបច្ចេកវិទ្យា IFA ឆ្នាំ ២០១៧។

លោក Richard Yu នាយកប្រតិបត្តិក្រុមហ៊ុន Huawei Consumer Business Group បានថ្លែងថា៖ «បើសម្លឹងមើលទូរសព្ទចល័តទៅថ្ងៃអនាគត យើងកំពុងឈានដល់កម្រិតមួយដ៏អស្ចារ្យបំផុតនៃយុគសម័យ“ទូរសព្ទចល័តបំពាក់បច្ចេកវិទ្យា AI” ទាំងនៅលើម៉ាស៊ីនទូរសព្ទផ្ទាល់ និងទាំងនៅលើប្រព័ន្ធបណ្តាញ Cloud»។ ក្រុមហ៊ុន Huawei បានប្តេជ្ញាចិត្តក្នុងការបង្កើតឧបករណ៍ដែលមានភាពវៃឆ្លាតបំផុត តាមរយៈការអភិវឌ្ឍន៍ សមត្ថភាពដ៏អស្ចារ្យនៃបន្ទះឈីប។ គោលដៅចុងក្រោយគឺដើម្បីផ្តល់នូវបទពិសោធថ្មី កាន់តែប្រសើរដល់អ្នកប្រើប្រាស់។

Kirin 970 គឺជាបន្ទះឈីបលើកដំបូងដែលបំពាក់ដែលអាចទ្រទ្រង់បច្ចេកវិទ្យាបញ្ជាសិប្បនិម្មិត AI ហើយវាស្តែងឱ្យឃើញពីការរីកចម្រើននៃបច្ចេកវិទ្យាចល័តរបស់ក្រុមហ៊ុន Huawei ដែលកំំពុងឈានឡើងដល់កម្រិតថ្មីមួយ ប្រកបដោយលក្ខណៈពិសេសដ៏មានអានុភាព អាចផ្តួលគូប្រជែងបាន។

បន្ទះឈីប Kirin 970 ស៊េរីថ្មីនេះ ត្រូវបានដំណើរការដោយ CPU 8-core មាន​ ៤ គ្រាប់​ ល្បឿន​ ២.៤ GHz ប្រភេទ​ Cortex-A73 និង ៤ គ្រាប់​ទៀត​ល្បឿន​ ១,៨ GHz ប្រភេទ​ Cortex-A53 ហើយនិង GPU 12-coreជំនាន់ចុងក្រោយ។ ជាមួយ​ការផលិតតាមបច្ចេកវិទ្យា ១០ nm បន្ទះឈីប Kirin 970 ត្រូវបានចាក់បញ្ចូលនូវត្រង់ស៊ីស្ទ័រចំនួន ៥.៥ ពាន់លាន/សង់ទីម៉ែត្រការ៉េ។

បន្ទះឈីប Kirin 970 ដែលនឹងយកទៅបំពាក់ឱ្យស្មាតហ្វូនស៊េរីថ្មី Huawei Mate 10 គឺជាបន្ទះឈីបដំបូងបង្អស់របស់ក្រុមហ៊ុន Huawei ដែលមាន​បំពាក់​នូវ NPU (Neural Processing Unit) ដែលមាន​តួនាទី​ទ្រាំទ្រ​​បច្ចេកវិទ្យា​ AI។ បន្ទះ​ឈីប​ថ្មី​នេះ ​មាន​ល្បឿន​លឿន​ជាង​ Kirin 960 ចំនួន​ ២០% និង​ប្រើ​ប្រាស់​ថាម​ពល​​តិច​ជាង​មុនដល់ទៅ ៥០%៕

មតិយោបល់