ភ្នំពេញៈ បុរសម្នាក់ជាជនបរទេស បានរងរបួសធ្ងន់ និងនារីម្នាក់ទៀតដែលគាត់អះអាងថាជាប្រពន្ធរួមដំណើរជាមួយរងរបួសស្រាល ខណៈកំពុងជិះម៉ូតូឌុបគ្នា ហើយត្រូវបានជនសង្ស័យមួយក្រុម មានគ្នា៣ម៉ូតូធ្វើសកម្មភាពឆក់កាបូបបានសម្រេច រួចធាក់ផ្តួលម៉ូតូជនរងគ្រោះតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី រំលងអាធ្រាតឈាន ចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចខាងកើតស្តុបសន្ធរម៉ុក តាមបណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក TTX ពណ៌លឿង លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH-8694 ឌុបនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៥ទៅ៦នាក់ ជិះម៉ូតូ៣គ្រឿងមកពីក្រោយហើយបានធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះបានសម្រេច ភ្លាមនោះនារីរងគ្រោះបានស្រែកថាចោរៗស្រាប់តែបក្ខពួកជនសង្ស័យមកពីក្រោយទៀត បានធាក់ម៉ូតូជនរងគ្រោះបណ្តាលដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ស្រាល ហើយជនសង្ស័យបានជិះគេចខ្លួនបាត់តែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូ៣រង់ចាំម្ចាស់មកទទួលវិញ៕
https://youtu.be/PWkMF8uF81U
មតិយោបល់