មណ្ឌលគិរីៈ សត្វប្រេីស១ក្បាល ត្រូវបានក្រុមអភិរក្សក្រសួងបរិស្ថានបានរកឃេីញស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅតាមបណ្តោយផ្លូវជាតិលេខ៧៦ ក្នុងខេត្តមណ្ឌលគីរី។
ក្នុងនោះដែរ មន្រ្តីមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានបញ្ជាក់ថា នៅវេលា ម៉ោង១២និង០៥នាទី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្ត១គ្រឿង បានបើកបុកសត្វប្រើស១ក្បាល ដែលរត់ឆ្លងផ្លូវជាតិលេខ៧៦ នៅត្រង់ចំណុចខាងកើតស្នាក់ការអភិរក្សសីមាប្រមាណ៣០០ម៉ែត្រ ស្ថិតក្និងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា បណ្ដាលឲ្យសត្វប្រើស១ក្បាលនោះបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកអ្នកបើកបរមិនមានរងរបួសឡើយ គ្រាន់តែកខូចខាតផ្នែកខាងមុខរថយន្តបន្តិចប៉ុណ្ណោះ។ រីឯសពសត្វប្រើសត្រូវបានមន្រ្តីដែនជម្រកសត្វព្រៃកែវសីមានាំយកទៅកប់។
ទន្ទឹមនឹងនោះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសំដែងការសោកស្តាយចំពោះសត្វព្រៃកំពុងរងគ្រោះនៅកម្ពុជា។ លោកក៏បានណែនាំឲ្យមន្រ្តីរក្សាសំណាកសត្វប្រេីស ទុកសម្រាប់ការសិក្សាស្រាវជ្រាវ និងបង្ហាញដល់សាធារណជន ជាពិសេសក្មេងជំនាន់ក្រោយបានស្គាល់ តាមរយៈសារមន្ទីរបរិស្ថាន ដែលក្រសួងគ្រោងសាងសង់នាពេលខាងមុខ៕
មតិយោបល់