ព័ត៌មានជាតិ

គ្រាន់តែចតរ៉ឺម៉កមុខផ្ទះមួយភ្លែតលើកឥវ៉ាន់ឲ្យប្រពន្ធលក់ក្នុងផ្សារ ម្ចាស់ផ្ទះទាញប៉័ងតោដេញកាប់ផ្អើលពេញផ្សារ!

ភ្នំពេញៈ បុរសម្នាក់បានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យឲ្យជួយអន្តរគមន៍ នៅករណីដែលគាត់ឈប់កង់បីមុខផ្ទះគេមួយភ្លែតដើម្បីលើងឥវ៉ាន់ដាក់ឲ្យពន្ធលក់ តែត្រូវម្ចាស់ផ្ទះទាញកាំបិតប៉័ងតោដេញកាប់ផ្អើលពេញផ្សារ សំណាងល្អគាត់រត់គេចខ្លួនផុត ទើបមិនបណ្តាលឲ្យមានគ្រោះថ្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងផ្សារក្រមួន ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសម្តីបុរសខាងលើនេះ បានប្រាប់សមត្ថកិច្ចថាមុនពេលកើតហេតុរូបគាត់បានដឹកប្រពន្ធដោយរ៉ឺម៉កកង់៣ យកកាបូបមកដាក់លក់នៅទីតាំងកើតហេតុខាងលើ ខណៈពេលដែលប្រពន្ធរបស់គាត់ចូលក្នុងផ្សារដើម្បីរៀបចំកន្លែងលក់ ហើយប្តីរបស់គាត់បានចតកង់៣មុខផ្ទះជនដែលដេញកាប់គាត់ខាងលើបំរុងនឹងលើកកាបូបចូលក្នុងផ្សារ ពេលនោះម្ចាស់ផ្ទះ ក៏បានចេញមកដេញមិនឲ្យចតដោយបុរសខាងលើបានប្រាប់ថា បងសុំចតតែមួយភ្លែតទេ និយាយមិនស្តាប់ជនដែលជាម្ចាស់ផ្ទះបានចូលទៅក្នុងផ្ទះ ហើយក៏បានទាញប៉័ងតោដេញកាប់គាត់រត់បាតជើងសព្រាតវិសត្រូវប៉័ងតោទាំងព្រឹកសំណាងល្អចេះរត់លឿន។

សមត្ថកិច្ចបានឲ្យដឹងថាបុរសដែលត្រូវគេដេញកាប់ខាងលើនេះមានឈ្មោះ ពុទ្ធា រិទ្ធ អាយុ៤០ឆ្នាំ មុខរបរលក់កាបូប ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុរូបគាត់ ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ តែសមត្ថកិច្ចប្រាប់ថាចាំស្អែកចាំហៅម្ចាស់ផ្ទះកំណាចនោះមកដោះស្រាយគ្នា៕

មតិយោបល់