ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូជិះបញ្ច្រាសទិសគ្នា បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ លេខ២០៥-២០៦ ស្ថិតនៅភូមិថ្មី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅថ្ងៃច័ន្ទ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីសក័ ព ស ២៥៦៥ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១២និង២០នាទីយប់។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ត ០១គ្រឿងម៉ាក កាម៉ារីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-8792 បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់កន្លែងកើតហេតុខាងលើ បានបុកយ៉ាងពេញទំហឹងជាមួយម៉ូតូជិះបញ្ច្រាសទិស ០១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានអាវ ពាក់ស្លាកលេខ កណ្ដាល 1F-1903 បើកបរដោយឈ្មោះ រឿន សំណាង ភេទប្រុស អាយុ ២៧ឆ្នាំ (រងរបួសធ្ងន់) នឹងអ្នករួមដំណើរឈ្មោះ តៃ តុងឈិន ភេទប្រុស អាយុ ៣២ឆ្នាំ (រងរបួសស្រាល) អ្នកទាំងពីររស់នៅភូមិបឹងឈូក ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់។
ចំពោះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ រីឯអ្នករងរបួសធ្ងន់ ស្រាលត្រូវបានសមត្ថកិច្ច និងក្រុមគ្រូពេទ្យបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន។
លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងទៀតថា បន្ទាប់ពីកម្លាំងនគរបាលចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយ បានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តាល្បឿន នឹងខ្វះការប្រុងប្រយ័ត្ន រីឯរថយន្តនឹងម៉ូតូសមត្ថកិច្ចបានយកមករក្សាទុកនៅកន្លែងកើតហេតុ រង់ចាំការដោះស្រាយតាមនីតិវិធី៕
មតិយោបល់