កណ្តាលៈ គួរអោយអនិច្ចារ្យណាស់ ក្មេងប្រុសម្នាក់ ដោយឃើញទឹក ចង់ងូតទឹក តែអកុសលអាក្រក់ ពេលចុះទៅងូតទឹក ត្រូវទឹកហូរ កួចយកទៅបាត់ បានមួយសន្ទុះទើបឪពុករាវរកឃើញវិញ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង៣និង៣០នាទី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចស្ពានថ្មទី១ ផ្លូវសំពោង ភូមិព្រែកគង់រាជ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល។
កុមាររងគ្រោះខាងលើមានឈ្មោះ កែវ ពុធណារត្ន័ ភេទប្រុស អាយុ១០ ឆ្នាំ មានទីលំនៅភូមិ ទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរសិស្សសាលាបឋមសិក្សាហ៊ុន សែនទឹកឃ្លាំង។
តាមសម្តីសមត្ថកិច្ចនគរបាលជំនាញ ស្រុកល្វាឯម បានប្រាប់អោយដឹងថាមុនពេលកើតហេតុកុមាររងគ្រោះ ត្រូវឪពុកយកទៅលេងទឹកនៅចំណុចកើតហេតុ ដោយកូនចង់ទៅលេងទឹកនៅចំណុចកើតហេតុខាងលើ ពេលចុះពីលើម៉ូតូកុមាររងគ្រោះក៏បានចុះដើរសំដៅទៅទឹកតែម្តង ហើយនៅចំណុចនោះទឹកហូរខ្លាំងស្រាប់តែកួចយកកុមាររងគ្រោះទៅតាមទឹកលិចបាត់តែម្តង ឪពុកខំជួយរាវរកភ្លាមៗដែរតែរកមិនឃើញ។
លុះប្រហែលបានកន្លះម៉ោងក៏រកសពកូនឃើញរួចក៏យកសាកសពកុមាររងគ្រោះ មកផ្ទះនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង។
កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍ព្រែករៃ មេឃុំព្រែករៃ ប៉ុស្តិ៍ទឹកឃ្លាំង មេឃុំទឹកឃ្លាំង មេភូមិ និងពេទ្យមណ្ឌលសុខភាពបានពិនិត្យសាកសពហើយសន្និដ្ឋានថា កុមាររងគ្រោះ ពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន។
ចំពោះសពកុមាររងគ្រោះត្រូវ បានប្រគល់ឲក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់