តាកែវៈ អគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ ខណៈដែលម្ចាស់មិននៅផ្ទះនាំគ្នាចេញទៅធ្វើការនៅភ្នំពេញបាត់អស់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋរួមនិងកងកម្លាំងរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិគ្រាំងទ្រមូង ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុខាងលើនេះមានឈ្មោះ សុខ ស្រី អាយុ៤៨ឆ្នាំ មុខរបរធ្វើស្រែ (ប្តីស្លាប់) ដោយមានកូនចំនួន៤នាក់ ក្នុងនោះស្រី៣នាក់ទៅធ្វើការងារនៅភ្នំពេញទាំងអស់។
ក្នុងនោះដែរសមត្ថកិច្ចបានប្រើប្រាស់ទឹកក្នុងការបាញ់ពន្លត់អស់ចំនួន១រថយន្តទើបរលត់ទៅវិញជាស្ថាពរ តែអ្វីគួរឲ្យស្តាយនោះ គឺអគ្គិភ័យនេះបានលេបត្របាក់ផ្ទះឈើចំនួន១ខ្នង ទំហំ ៥ម៉ែត្រគុណនឹង៦ម៉ែត្រ ប្រក់ក្បឿង ឆេះអស់ទាំងស្រុង ,ទូដាក់ខោអាចំនួន២ឆេះអស់ ,ថវិកា ចំនួន៥០០ដុល្លារ និង ១,២០០,០០០រៀល ,ធុងបាស់ ចំនួន២, ទូរទស្សន៍ចំនួន១ ,ពូកដេកចំនួន២ និងឯកសារមួយចំនួនធំ បានឆេះអស់ទាំងស្រុង ។ ចំណែកមូលហេតុត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា បណ្តាលមកពីទុស្សេខ្សែភ្លើង ខណៈម្ចាស់ផ្ទះមិននៅផ្ទះ៕
https://youtu.be/rum54uhCrac
មតិយោបល់