(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ ចំនួន ២៨៨នាក់ នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះ បានទទួលបានអំណោយចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពីលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានចរាចរណ៍ផ្លូវគោកក្រសួងមហាផ្ទៃ។
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានចរាចរណ៍ផ្លូវគោកក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកទឹកចិត្តកម្លាំងនគរបាលចរាចរណ៍ នៅក្នុងឱកាសចូលឆ្នាំថ្មីខាងមុខ ខណៈដែលអគ្គស្នងការនគរបាលជាតិនឹងរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។
លោក បានបន្តថា នៅក្នុងគោលដៅត្រួតពិនិត្យការគោរពច្បាប់ចរាចរណ៍ នឹងត្រូវបានដាក់ជាច្រើនកន្លែងនៅតាមដងវិថីសំខាន់ៗទូទាំងប្រទេស ជាពិសេសតំបន់ទេសចរណ៍ ដូចជាខេត្តសៀមរាបជាដើម។ លោក បានបញ្ជាក់ថា ចំពោះអ្នកបើកបរណាដែលល្មើសច្បាប់ ដូចជាដឹកលើសចំណុះ សំពីងសំពោងនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ អាចនឹងត្រូវប្រឈមចំពោះការឃាត់ទុកយានយន្តមិនឱ្យធ្វើចរាចរណ៍រយៈពេល៣ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំតែម្តង និងមានការផាកពិន័យថែមទៀតផង។ លោកបានអំពាវនាវឱ្យពលរដ្ឋ អ្នកធ្វើដំណើរ និងអ្នកបើកបរ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ បន្ថែមលើនេះ លោកបាន ស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវវ័យ សូមកុំលេងគប់ទឹក ឬប៉ាតម្ស៉ៅ ដែលល្បែងទាំងនេះអាចធ្វើឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
សូមបញ្ជាក់ថា កម្មវិធីនេះរៀបចំនៅភូមិសន្តិភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយនគរបាលម្នាក់ៗទទួលបាន ថវិកា ចំនួន ២៧ម៉ឺនរៀល ទឹកក្រូចចំនួន ១កេស មីចំនួន ១កេស និងទឹកសុទ្ធចំនួន ១កេសទុកជាការលើកទឹកចិត្ត៕




មតិយោបល់