កណ្តាលៈ ក្រុមក្មេងទំនើងដែលតែងតែបង្កការអុកឡុកស្ទើរតែជារៀងរាល់ថ្ងៃ ត្រូវបានលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បញ្ជារឲ្យលោកវរៈសេនីយ៍ត្រី ចំរើន បញ្ញា អធិការងក្រុងតាខ្មៅ បានដឹកនាំកម្លាំងអន្តរាគមន៍ ចុះទៅបង្ក្រាបក្រុមក្មេងទំនើងកំពុងតែដេញគប់គ្នាយ៉ាងសាហាវ បានក្មេងទំនើង៥នាក់ រួមនិងវត្ថុតាងមួយចំនួន។
ហេតុការណ៍ចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចមុខកីឡដ្ឋានខេត្តកណ្តាលភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅបានប្រាប់Post News ថា ជនល្មើសមានពក្ខពួក២ក្រុម ក្រុមទី១មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។ ចំណែកក្រុមទី២មានគ្នាប្រហែល១៥នាក់ ឃាត់ខ្លួនបាន៥នាក់ ១ឈ្មោះ ជា ឌីណា ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ២ឈ្មោះ អ៊ុង វីរ: ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ៣ឈ្មោះ អ៊ុក ចាន់ថង ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកម្មករ(ឃាត់ខ្លួន) ៤ឈ្មោះ កែប ស្រស់ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករលាងម៉ូតូ(ឃាត់ខ្លួន) និងទី៥ឈ្មោះ ផល ណារ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកម្មករកាប់ជ្រូក(ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន ដុំថ្មចំនួន៣ដុំ ម៉ូតូចំនួន៣គ្រឿង ១ម៉ាកHONDA សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៤ ស្លាកលេខភ្នំពេញ1CL-1701 ២ម៉ាកZOOMER X ពណ៌ស ស៊េរី២០១៦ ស្លាកលេខភ្នំពេញ1FX-9048 និងទី៣ម៉ាកSUZUKI nex ពណ៌ស ស៊េរី២០១៤ គ្មានកុងទ័រ ស្លាកលេខភ្នំពេញ1CW-6983។
លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនល្មើសក្រុមទី២ ត្រូវជនល្មើសក្រុមទី១ ដែលជាកម្មករសំណង់ដេញគប់ ហើយក្រុមជនល្មើសទី២បានជិះម៉ូតូទៅហៅបក្ខពួកមកជួយសងសឹក ភ្លាមនោះកម្លាំងសមត្ថកិច្ចយើង ក៏បានចុះអន្តរាគមន៍ឃាត់ខ្លួនជនល្មើសក្រុមទី២បាន៥នាក់ដូចខាងលើតែម្តង។ ចំណែកឯជនល្មើសក្រុមទី១បានរត់គេចខ្លួនបាត់អស់តែម្តង។
បច្ចប្បន្នជនសង្ស័យដែលឃាត់ខ្លួនបានត្រូវសមត្ថកិច្ចធ្វើការបញ្ជូនទៅកាន់ប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបន្តទៅតាមនីតិវិធីច្បាប់៕
មតិយោបល់