ភ្នំពេញៈ ជនសង្ស័យមួយក្រុមមានគ្នា៥ នាក់បានធ្វើសកម្មភាព ចូលទៅលួចម៉ូតូ មួយគ្រឿងរបស់មន្ត្រីនគរបាលប៉ុស្តិ៍កាកាបទី២ បានសម្រេចហើយ ខណៈសមត្ថកិច្ច សម្រាកពីល្បាតចូលបន្ទប់ទឹក ស្រាប់តែចេញមកវិញបាត់ម៉ូតូ ហើយនាំគ្នាជិះស្វែងរកចេញបានចម្ងាយ៥០០ ពីប៉ុស្តិ៍ប៉ូលិសតាមរកឃើញ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ មកសួរនាំ។
ហេតុការណ៍នេះ កាលវេលាម៉ោង ១២និង ១០នាទីរំលងអធ្រាត្រថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានគ្នាចំនួន៥នាក់ ជិះម៉ូតូ ២គ្រឿង៖ ម៉ូតូម៉ាកស៊ុយស៊ិគីឡេត ពណ៌ស មិនចាំស្លាកលេខ និង ម៉ូតូម៉ាកហុងដាអាយខុន ពណ៌លឿងលាយស មិនចាំស្លាកលេខ មិនស្គាល់ស៊េរី (ជនសង្ស័យ៤នាក់ ជិះគេចខ្លួនបាត់អស់)។
ជនសង្ស័យទី១.ឈ្មោះ ផាន់ វិរៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិត និងស្នាក់នៅ មិនពិតប្រាកដ (ឃាត់ខ្លួនថ្ងៃទី១៨ កក្កដា ២០១៩)។ ជនសង្ស័យទី២ ឈ្មោះ ហូ ភេទប្រុស អាយុប្រហែល១៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅមិនពិត (គេចខ្លួនបាត់) ជនសង្ស័យទី៣ឈ្មោះ លៀង ភេទប្រុស អាយុប្រហែល១៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅមិនពិត (គេចខ្លួនបាត់) ជនសង្ស័យទី៤ឈ្មោះ ម៉ី ភេទប្រុស អាយុប្រហែល ១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅមិនពិត (គេចខ្លួនបាត់) និងជនសង្ស័យ៥ឈ្មោះ ពី ភេទប្រុស អាយុប្រហែល១៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅមិនពិត (គេចខ្លួនបាត់)។
ចំណែកឯជនរងគ្រោះឈ្មោះ អឿន សារ៉ុម ភេទប្រុសអាយុ៣៣ ឆ្នាំ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍កាកាបទី២ មានទីលំនៅ ភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ ចំណែកម៉ូតូដែលជនសង្ស័យលួច ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ ពណ៍ខ្មៅ ស៊េរី២០១៣ មានលេខតួនិងលេខម៉ាស៊ីន 8805691 ពាក់ស្លាកលេខកំពត 1D -0450 ។
បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនិតិវិធី៕
មតិយោបល់