ព័ត៌មានបច្ចេកវិទ្យា

សហនាយកប្រតិបត្តិ៖ Samsung គឺជានាវាមួយគ្មានកាពីទែន

សហនាយកប្រតិបត្តិម្នាក់ ដែលដឹកនាំអាជីវកម្មអេឡិច ត្រូ និច Samsung លោក Yoon Boo-Keun បានសម្តែងក្តីព្រួយបារម្ភអំពីក្រុមហ៊ុនខ្លួននាពេលបច្ចុប្បន្ន បន្ទាប់ពីប្រមុខដឹកនាំក្រុមហ៊ុន គឺលោក Jay Y.Lee ត្រូវបាន កាត់ទោសឱ្យជាប់ពន្ធធនាគាររយៈពេល ៥ ឆ្នាំ ពីបទសំណូក និងពុករលួយ

លោក Yoon បានប្រាប់សារព័ត៌មាន Suddeutshe Zeitung នៅឯពិព័រណ៍ IFA នាទីក្រុងប៊ែកឡាំង ថ្មីៗនេះថា ៖ Samsung គឺជានាវាមួយដែលគ្មានកាពីទែន។ កាសែតអាល្លឺម៉ង់ដដែលបានស្រង់សម្តីរបស់លោក Yoon បន្ថែមថា៖ គ្មាននរណាម្នាក់នឹងធ្វើដំណើរតាមនាវាមួយដែលគ្មានកាពីទែននោះទេ ពីព្រោះគេដឹងថា វាគ្រោះថ្នាក់ ហើយយើងកំពុងឋិតនៅលើនាវាបែបនោះហើយ។

តាមរយៈពិព័រណ៍ផលិតផលអេឡិចត្រូនិច IFA ឆ្នាំនេះដែរ ក្រុមហ៊ុន Samsung ដែលមានអាជីវកម្មអេឡិចត្រូនិច ឋិតក្រោមការដឹកនាំរបស់លោក Yoon ចាប់តាំង ពីឆ្នាំ ២០១២ បានធ្វើបទឧទេ្ទសលើឧបករណ៍បំពាក់ជាប់ខ្លួន ៣ ប្រភេទ ម៉ាស៊ីនបោកគក់មួយ ម៉ាស៊ីនបូមធូលីឥតខ្សែ និងគ្រឿងអេឡិចត្រូនិចដទៃផ្សេងទៀត។
ពិព័រណ៍លំដាប់ពិភពលោកនេះ គឺធ្វើឡើងត្រឹមតែមួយសប្តាហ៍ ក្រោយពីតុលាការសាធារណរដ្ឋកូរ៉េ បានកាត់ទោសលោក Lee អគ្គនាយករង និងជាទាយាទនៃសម្ព័ន្ធ Samsung ឱ្យជាប់គុករយៈពេល ៥ ឆ្នាំ ពីបទសំណូក ពុករលួយ និងបទល្មើសដទៃផ្សេងទៀត។

សេចក្តីសម្រេចនេះ បានធ្វើឱ្យលោក Yoon ត្រូវទទួលរ៉ាប់រងកិច្ចការជំនួសលោក Lee ក្នុងការគូសដៅផែនការយុទ្ធសាស្រ្តរយៈពេលវែង បន្ថែមពីលើទំនួលខុសត្រូវលើការពិនិត្យផែនការយុទ្ធសាស្រ្តរយៈពេលខ្លីសម្រាប់ផលិតផលរបស់លោក៕

ប្រភពព័ត៌មានៈ cnet

មតិយោបល់