ព័ត៌មានជាតិ

ចាប់បានហើយ! ចោរដៃឆៅខាងកាប់ប្លន់ម្នាក់ ត្រូវអាវុធហត្ថបង្ក្រាបបាន!

ភ្នំពេញៈ ជនសង្ស័យជាចោរកាប់ប្លន់ម្នាក់ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បង្ក្រាបនិងឃាត់ខ្លួនបានកាលពីវេលាម៉ោង៤និង១៥នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ខណៈដែលជនសង្ស័យរូបនេះបានធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះឈ្មោះ កោ ផល្លីន ភេទប្រុស អាយុ ៣៦ឆ្នាំ បណ្តាលឲ្យរបួសត្រូវក្បាល និងដៃហូរឈាម នៅចំណុចលើផ្លូវលេខ៧៥ កែងផ្លូវ៧៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យនេះមានឈ្មោះ ជូ ប៊ុណ្ណារិទ្ធ ហៅអ៊ែរ ភេទប្រុស អាយុ ៣៦ឆ្នាំ ។

មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ គឺជនសង្ស័យមានគ្នា២នាក់ ដែលម្នាក់នោះមានឈ្មោះហៅក្រៅ ឪ បានទិញស្រាថ្នាំផឹក នៅរង្វង់មូលស្តាតចាស់ លុះផឹកអស់ប្រហែល៥ដប ក៏ឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ បិទពណ៌ទឹកមាស ស្លាកលេខ ក្រចេះ 1B-5665 ស៊េរី ឆ្នាំ២០១៤ ដោយមានឌុបសង្សារមកជាមួយមកឈប់ក្បែរនោះ ហើយជនរងគ្រោះបានចុះពីលើម៉ូតូដើរទៅបត់ជើងតូច ដោយមាននារីជាសង្សារឈរក្បែរម៉ូតូ ដោយឃើញឳកាសល្អ ជនសង្ស័យបានដើរទៅយកដាវស៊ាំម៉ូរ៉ៃរបស់ខ្លួន១ដើម ដែលលាក់ទុកក្នុងគុម្ពស្មៅក្បែរនោះ ភ្លាមនោះជនសង្ស័យខាងលើ បានដើរសំដៅទៅជនរងគ្រោះ ហើយបានគំរាម និងកាប់ទៅលើជនរងគ្រោះ ២ដាវ បណ្តាលឲ្យត្រូវរបួសត្រង់ក្បាល និងដៃជាទម្ងន់ ដោយគោលបំណងប្លន់យកម៉ូតូ ពីជនរងគ្រោះ ហើយបានប្រតាយប្រតប់គ្នា ស្របពេលកម្លាំងល្បាតអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតឃើញ ក៏ អន្តរាគមន៍ បង្ក្រាបបានភ្លាមៗផងដែរ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់បន្តទៀត៕

មតិយោបល់