ព័ត៌មានជាតិ

ជនជាតិចិន បើកលុចស៊ីស គេចផ្លូវគោក ចូលផ្លូវទឹកក្រឡាប់ បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញៈ ជនជាតិចិនម្នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបើករថយន្តល្បឿនលឿន រេចង្កូតធ្លាក់ចូលប្រឡាយ បោកផ្ទប់នឹងមាត់លូ កាលពីវេលាម៉ោង ៤និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ មុខទីលានវាយកូនហ្គោល ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តខាងលើម៉ាក លុចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2G-9780 បើកបរដោយបុរសជនជាតិចិន។

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តខាងលើ បានធ្វើដំណើរលឿនពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅស្តាំ ហោះធ្លាក់ចូលក្នុងទឹកក្រឡាប់ ផ្លោងបោកផ្ទប់នឹងមាត់លូ បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះ បញ្ជូទៅមន្ទីរពេទ្យ បន្សល់ទុកតែរថយន្ត ដាំដូងក្បាលចូលទឹក សមត្ថកិច្ចចុះទៅអន្តរាគមន៍ ពិនិត្យជាក់ស្តែង និងរករថយន្តស្ទូច មកលើកយកទៅរក្សាទុកជាបណ្តោះអាសន្ន៕

មតិយោបល់