ព័ត៌មានជាតិ

ស្រវឹងបើកម៉ូតូទៅបុកគូថរថយន្តរបស់ក្រុមហ៊ុនតេងឡាយគ្រុបដែលកំពុងចតស្ងៀម របួសធ្ងន់ដោយខ្លួនឯង!

ភ្នំពេញ: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសម្នាក់ បានបើកម៉ូតូក្នុងស្ថានភាពស្រវឹង ជ្រុលចង្កូតទៅបុករថយន្តគេដែលចតចោលនៅមុខក្រុមហ៊ុនតេងឡាយគ្រុប ពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែករថយន្តនិងម៉ូតូខ្ទេចយ៉ាងដំណំ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងនៅកាលពីវេលាម៉ោង១២និង៥០នាទីយប់ឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញបុរសម្នាក់ បានបើកម៉ូតូម៉ាកហុងដាសេ១២៥ ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GL-6692 បើកពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់កន្លែងកើតហេតុ ក៏បានរ៉េចង្កូតបុកគូថរថយន្តរបស់ក្រុមហ៊ុន តេងឡាយគ្រុប ដែលចតចោល ពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ ។ រីឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅ រក្សាទុកដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់